ដោយ ៖ ប៊ី
ភ្នំពេញ៖ សេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែចំណូលរបស់លោក Jeff Bezos ថៅកែ Amazon នៅតែមានកំណើនទ្រព្យសម្បត្តិជិត ១៧២ ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីសម្រាប់អ្នកមានបំផុតនៅលើពិភពលោក។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg។
សប្តាហ៍នេះ ទ្រព្យសម្បត្តិរបស់លោក Bezos បានកើនលើសកំណត់ត្រាទ្រព្យសម្បត្តិមុនរបស់លោក នៅពេលលោកបានឈានដល់ការលែងលះពីអតីតភរិយា MacKenzie បន្ទាប់ពីរៀបការបាន ២៥ ឆ្នាំ ដោយលោកស្រីបានទទួលភាគហ៊ុន ២៥ ភាគរយនៃភាគហ៊ុន Amazon ដែលជាភាគហ៊ុន ៤ ភាគរយនៅក្នុងក្រុមហ៊ុនរួម។
ទ្រព្យសម្បត្តិរបស់លោកស្រី MacKenzie ក៏បានបំបែកកំណត់ត្រាដែរ ដោយពេលនេះលោកស្រីមានទ្រព្យសម្បត្តិ ៥៧ ពាន់លានដុល្លារ ធ្វើឱ្យលោកស្រីក្លាយជាសេដ្ឋីមានបំផុតទី ១២ នៅលើពិភពលោក។ ទ្រព្យសម្បត្តិរបស់លោកស្រីបានកើនឡើងយ៉ាងខ្លាំង ៥៤ ភាគរយក្នុងមួយឆ្នាំ ឬកើនឡើងជិត ២០ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។
ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោក Bezos ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុន Amazon។ លោកមានភាគហ៊ុនប្រហែល ៥៧ លានហ៊ុន ឬ ១២% នៃក្រុមហ៊ុនរួម ហើយភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ៥៦ ភាគរយរហូតមកដល់បច្ចុប្បន្ន។
ក្រុមហ៊ុន Amazon ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងយ៉ាងខ្លាំងនៃការទិញទំនិញតាមអនឡាញ ក្នុងអំឡុងពេលមានជំងឺរាតត្បាត។
ក្រុមហ៊ុនរបស់លោក Bezos ដែលប្រឈមនឹងការរិះគន់ចំពោះសុវត្ថិភាព និងប្រាក់ខែរបស់និយោជិក បានឱ្យដឹងនៅសប្តាហ៍នេះថា ខ្លួនបានផ្តល់ប្រាក់ជាង ៥០០ លានដុល្លារជាប្រាក់រង្វាន់អរគុណដល់កម្មករជួរមុខ ដែលនៅជាមួយក្រុមហ៊ុននេះពេញមួយខែមិថុនា៕ CNN