ប្រតិបត្តិករ ៖ ទីផ្សារដីធ្លីក្នុងខេត្តកំពង់ស្ពឺនៅដើមឆ្នាំ២០២១ជួបភាពស្ងប់ស្ងាត់

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ចាប់តាំងពីចូលមកដល់ដើមឆ្នាំ២០២១ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅនេះ ស្ថានភាពទិញលក់ដីធ្លីនៅតំបន់មួយចំនួនដែលធ្លាប់តែមានសកម្មភាពហាក់មានភាពស្ងប់ស្ងាត់បន្តិចបើធៀបទៅនឹងកាលពីពាក់កណ្តាលឆ្នាំ២០២០។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real EstateCo.,Ltd លោកវិន ឈុនហ៊ាត បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះថា ក្នុងអំឡុងពេលជិតកន្លះខែនៃដើមឆ្នាំ២០២១នេះ សកម្មភាពទិញលក់ក្នុងវិស័យដីធ្លីនៅតំបន់សំខាន់ៗដែលធ្លាប់មានសកម្មភាពរស់វើកក្នុងខេត្តកំពង់ស្ពឺហាក់មានភាពស្ងប់ស្ងាត់បន្តិចបើប្រៀបធៀបទៅនឹងកាលពីអំឡុងពេលពាក់កណ្តាលឆ្នាំ២០២០កន្លងទៅនេះ។

លោកបានបន្តថា “មិនថាចំពោះប្រភេទដីឡូតិ៍ ដីចំការ ឬដីសម្រាប់អភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្ម និងកសិកម្មដែលមានទំហំធំនោះទេ ក្នុងរយៈពេលជាង២ខែកន្លងទៅមកនេះការទិញលក់គឺមានភាពស្ងប់ស្ងាត់បន្តិច ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មកម៉្លេះ ហើយអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន”។

លោកបន្តថា “ចំពោះតែគម្រោងដីឡូតិ៍គឺមានច្រើនគម្រោង និងនៅតែបន្តលក់ ហើយក៏មានគម្រោងថ្មីៗបើកលក់ផងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺតម្រូវការពីអតិថិជនហាក់មានភាពថមថយបន្តិច។ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២០ បើទោះជាស្ថិតក្នុងស្ថានភាពប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតនៃជំងឺឆ្លងក៏ដោយ ក៏មានគម្រោងមួយចំនួននៅតែអាចលក់ចេញជាបន្តបន្ទាប់ ប៉ុន្តែចាប់តាំងពីអំឡុងខែវិច្ឆិកា ចុងឆ្នាំ២០២០រហូតមកការលក់ត្រូវបានធ្លាក់ចុះ ហើយបានអូសបន្លាយរហូតមកដល់ដើមឆ្នាំ២០២១នេះកាន់តែមានភាពស្ងប់ស្ងាត់។ ទោះជាយ៉ាងណាក៏ដោយសង្ឃឹមថាបន្តិចទៀតស្ថានភាពនឹងអាចប្រែទៅជាល្អវិញក្នុងពេលឆាប់ៗ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sear Realty Co,.Ltd លោក ស៊ា ឆៃលីន ធ្លាប់បានបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នស្ថានភាពនៃទីផ្សារដីធ្លីដែលស្ថិតនៅតំបន់ផ្លូវ៥១ ផ្លូវ៤១ ដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺហាក់មិនមានសកម្មភាពរស់រវើកនោះទេ។

លោកថា “ទាំងប្រភេទដីទំហំធំសម្រាប់គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម បណ្តុំលំនៅដ្ឋាន និងទំហំតូចសម្រាប់គម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក គឺមិនមានសកម្មភាពទិញលក់គួរឱ្យចាប់អារម្មណ៍នោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដូចគ្រាពាក់កណ្តាលឆ្នាំ និងចុងឆ្នាំ២០២០ដូច្នោះដែរ”។

លោកបញ្ជាក់ថា “ក្រៅតែមិនមានសកម្មភាពទិញលក់ សម្រាប់តម្លៃដីធ្លីនៅទីតាំងខ្លះថែមទាំងមានការធ្លាក់ចុះខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ រហូតមានម្ចាស់ដីខ្លះដែលមានតម្រូវការលុយប្រញាប់បានដាក់លក់ដោយការបញ្ចុះតម្លៃរហូតដល់ជិត៥០ភាគរយក៏មានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺមានតែអ្នកលក់ មិនមានអ្នកទិញ”។

លោកថា “យើងទទួលស្គាល់ថាវិស័យដីធ្លីនៅតំបន់ផ្លូវ៥១ នឹងមានគម្រោងអភិវឌ្ឍន៍ច្រើនជាពិសេសវិស័យឧស្សាហកម្ម ដែលនឹងមានការសាងសង់ជាឃ្លាំង ជារោងចក្រជាដើម ប៉ុន្តែដោយសារតែបញ្ហានៃជំងឺកូវីដបានអូសបន្លាយពេលវេលារបស់គម្រោងមួយចំនួនមិនអាចចាប់ដំណើរការបាន ជាពិសេសគម្រោងរបស់ក្រុមហ៊ុនដែលមានជនជាតិបរទេស ដូចជាជនជាតិចិនជាម្ចាស់ទុនតែម្ដង”។

លោកបានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ អាចចាប់ពីពាក់កណ្តាលឆ្នាំឡើងទៅ ទើបអាចមានសញ្ញាវិជ្ជមានខ្លះៗឡើងវិញ ជាពិសេសក្រោយពេលដែលមានការប្រើប្រាស់វ៉ាក់សាំងនៅក្នុងប្រទេស ដែលអាចលុបបំបាត់ការចម្លងរាលដាលសាជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here