ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្រាវជ្រាវបង្ហាញថា តម្លៃជួលការិយាល័យនៅតាមបណ្តាទីក្រុងធំៗលើពិភពលោកមានទំហំទឹកប្រាក់ខុសៗគ្នាអាស្រ័យតាមទីតាំង និងប្រភេទអគារ។ ខាងក្រោមនេះជាតម្លៃជួលការិយាល័យកម្រិត A នៅក្នុងទីក្រុងធំៗចំនួន៣ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥៖
ទី១: ទីក្រុងញូវយ៉ក
តួយ៉ាង តម្លៃជួលការិយាល័យជាមធ្យមនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ប្រមាណ៧៦,៨៣ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ធ្លាក់ចុះ១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE។
តម្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅតំបន់ Prime Manhattan ក្នុងទីក្រុងញូវយ៉កមានទំហំទឹកប្រាក់ចន្លោះពី៧៤ដុល្លារទៅ៨២ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ខណការជួលការិយាល័យកម្រិត A ក្នុងតំបន់ Midtown មានតម្លៃជាមធ្យមប្រហែល៨២,២៨ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ។
ទី២: ទីក្រុងឡុងដិ៍
តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ City Core ក្នុងទីក្រុងឡុងដិ៍នៃប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ចំនួន៧៧,៥ផោន(ប្រមាណ១០៣,៧៧ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ខណៈការជួលការិយាល័យកម្រិត A នៅតំបន់ West End មានតម្លៃជាមធ្យមចំនួន១៣០ផោន(ប្រមាណ១៧៤ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ។
ចំណែក តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ Mayfair និងតំបន់ StJames’s ដែលសម្បូរទៅដោយផ្សារទំនើប និងសណ្ឋាគារប្រណីតមានទំហំទឹកប្រាក់ជាង១៥០ផោន(ប្រហែល២០១ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ។នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យ City Hub Offices។
ទី៣: ទីក្រុងប៉ារីស
ការជួលការិយាល័យប្រភេទ Prime នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំងមានតម្លៃជាមធ្យមចំនួន១.២០០អឺរ៉ូ(ប្រមាណ១.៣៩៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥។ តួលេខនេះបង្ហាញពីអត្រាកំណើនចំនួន២០ភាគរយបើធៀបនឹងឆ្នាំមុន។
ចំណែក តម្លៃជួលការិយាល័យនៅតំបន់ La Defense មានទំហំទឹកប្រាក់ជាមធ្យមចំនួន៥៥០អឺរ៉ូ(ប្រមាណ៦៤០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ កើនឡើង៤ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤៕ប្រភព: CBRE & City Hub Office & Officerentinfo.fr៕