ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្សារឃ្លាំងរំសេវ ស្ថិតនៅតាមមហាវិថីម៉ៅ សេទុង ក្នុងបរវេណមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នឹងត្រូវដល់ពេលអវសាន្ត បិទទ្វារឈប់ដំណើរការយ៉ាងប្រាកដ នៅត្រឹមចុងខែមេសាឆ្នាំ២០២០ខាងមុខនេះ ដោយជំនួសមកវិញនូវវត្តមានសំណង់អគារថ្មីដ៏ទំនើប។
តាមសេចក្ដីជូនដំណឹង ដែលចេញដោយមេធាវីតំណាងអាណត្តិ របស់លោកឧកញ៉ា ស៊ី គង់ទ្រីវដែលគេហទំព័រPropertyarea.asiaទទួលបានកាលពីរសៀលថ្ងៃទី១៤កុម្ភៈកន្លងមកនេះបានឲ្យដឹងថា ដើម្បីអភិវឌ្ឍឱ្យមជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ មានសោភ័ណភាពស្រស់បំព្រង ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាត ស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា របស់ប្រជាជនខ្មែរ ម្ចាស់ទីតាំងត្រូវការទីតាំងដីផ្សារនេះ ធ្វើការសាងសង់អគារថ្មីទំនើបទាន់សម័យ។
សេចក្តីជូនដំណឹងដដែលបានបន្តថា ដូច្នេះ ចាប់ពីថ្ងៃនេះ សូមបងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ដូរ នៅក្នុងផ្សារឃ្លាំងរំសេវទាំងអស់ ត្រូវរកទីតាំងដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារត្រូវបិទជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នឹងចាប់ផ្តើមសាងសង់អគារថ្មីលើទីតាំងដីនេះ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ដោយក្នុងរយៈពេល៣ខែ ម្ចាស់ទីតាំងពុំគិតប្រាក់ឈ្នួលតូបប្រចាំខែ និងថ្លៃប្រើប្រាស់ចរន្តអគ្គិសនីឡើយ គឺខែកុម្ភៈ ខែមីនា និងខែមេសា ឆ្នាំ២០២០។
ផ្សារឃ្លាំងរំសេវ ត្រូវបានគេស្គាល់ថាជា ទីតាំងលក់សម្ភារៈប្រើប្រាស់ចំរុះជាច្រើន ជាពិសេស សម្ភារៈជជុះ រួមមានស្បែកជើង សម្លៀកបំពាក់ មួក ជាពិសេស ទូរស័ព្ទដៃគ្រប់ប្រភេទ ដ៏មានប្រជាប្រិយភាព៕