ម្ចាស់​អគារ​ជួល​អាជីវកម្ម​មួយចំនួន​ចាប់ផ្តើម​បញ្ចុះតម្លៃ​ពី៣០ទៅ៥០ភាគរយក្នុង​កំឡុង​វិបត្តិ​ជំងឺ Covid-19

0

ដោយ ​វុត្ថា

ភ្នំពេញៈ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យមាន​ការបញ្ចុះ​តម្លៃ​នៃ​អាគារ​ជួល​អាជីវកម្ម នាពេល​កន្លងមកនេះ ម្ចាស់​អគារ​ជួល​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា បានចាប់ផ្តើម​បញ្ចុះតម្លៃ​ជួល​របស់ខ្លួន​ប្រមាណ ៣០ ទៅ ៥០ ភាគរយ ដើម្បី​រក្សា​អតិថិជន។

លោក ឡុង គឹមសួគ៌  អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Advance  បាន​ប្រាប់​គេហទំព័រ Propertyarea.asia  នៅ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា  ចាប់តាំងពី​មាន​ជំងឺ Covid-19 កើតឡើង​បានធ្វើឱ្យ​ទីផ្សារ​ជួល​អាគារ​អាជីវកម្ម​មានកា​រ​ថមថយ ខណៈ​គម្រោង​អាគារថ្មីៗ មិនមាន​ការបើក ហើយ​អ្នក​ដែល​ជួល​រួចហើយ ក៏មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ចំណូល​ផងដែរ។

លោក​បន្តថា “អ្នក​ជួល​ទាំងអស់​បានស្នើ​សុំ​ម្ចាស់​អគារ​ឱ្យមាន​ការបញ្ចុះ​តម្លៃ  តែ​យ៉ាងណា​ការបញ្ចុះ​តម្លៃ​នេះ វា​អាស្រ័យទៅលើ​ម្ចាស់​អគារ​យល់ឃើញ​តែប៉ុណ្ណោះ ហើយ​អ្នកខ្លះ​បាន​បញ្ចុះ​រហូតដល់៥០ភាគរយ និង​អ្នកខ្លះ​ទៀ​បញ្ចុះ​បាន​ត្រឹម៣០ភាគរយ តាម     រយៈ​ការយោគយល់ និង​មើលឃើញ​ក្នុងស្ថានភាព​ជាក់ស្តែង  និង​អ្នក​ខ្លះទៀត​បញ្ចុះ ២៥ ភាគយ” ។

លោក​បន្ថែមថា “នៅក្នុង​ខែ មិនា មេសា និង​ឧសភា មានការ​ធ្លាក់ចុះ​យ៉ាងគំហុក​នូវ​តម្រូវការ​ជួល ទាំង​អាជីវកម្ម​ក៏មាន​ការធ្លាក់ចុះ​ផងដែរ ទើបតែ​ដើមខែ​មិថុនា ស្ថាន​ការ​មាន​ភាពល្អ​ប្រសើរឡើង​បន្តិច ។ ហើយ​អ្វីដែល​គូរ​ឱ្យ​កត់សម្គាល់ នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​មុននេះ តម្រូវការ​មានការ​ធ្លាក់ចុះ​សារជាថ្មី ដែល​បណ្តាលមកពី​មានការ​ផ្ទុះ​ឡើងវិញ​ខ្លះ​នូវ​ជំងឺ Covid-19 ។

លោក​បញ្ជាក់ថា “អគារ​ប៉ះពាល់​ខ្លាំងជាងគេ គឺ​អគារ​បំរើ​អាជីវកម្ម ភោជនីយដ្ឋាន  ហាង​លក់ដូរ​ទំនិញផ្សេងៗ សេវា​ទេសចរណ៍ និង​អគារ​ដែល​វិនិយោគធំៗពី​បរទេស។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Basac Realty បានឱ្យដឹង​ដែរ​ថា មិនថាតែ​ចំពោះ​អាគារ​សម្រាប់​បម្រើឱ្យ​វិស័យ ការិយាល័យ​កម្រិត​ខ្ពស់ អគារ​ជាន់​ផ្ទាល់​ដី ឬ​អាគារ​ដទៃទៀត​សម្រាប់​ជួល​នោះទេ ភាគច្រើន​កំពុង​ជួប​ភាព​ប្រឈម ដោយសារតែ​អតិថិជន​បញ្ឈប់​កុងត្រា​ជួល។

លោក​ថ្លែងថា “ហេតុផល​ដែល​បញ្ឈប់​កុងត្រា ក៏​ព្រោះ​ដំណើរការ​អាជីវ​កម្មជួ​ប​ភាព​រាំងស្ទះ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្នែក បដិសណ្ឋារកិច្ច និង​ទេសចរណ៍​មណ្ឌល​កម្សាន្ត និង​មណ្ឌល​ស្ទី​ម សូ​ណា ជាដើម​ដែល​ត្រូវ​ផ្អាក​សកម្មភាព ហើយ​ក្រុមហ៊ុន បម្រើសេវា​ខ្លះ ក៏​ជួប​បញ្ហា​ដូចគ្នា​ដោយសារតែ​បាត់​ចំណូល​ពី​ប្រតិបត្តិការ​របស់ខ្លួន” ។

ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យនេះ ឱ្យមាន​ភាពរឹងមាំ និង​យូរអង្វែង ហើយ​អាច​រក្សាបាន​នូវ​ចំណែក​ទីផ្សារ​ស្ថិតស្ថេរ លោក នី ទី​ណាត បានផ្តល់​ជា​យោបល់​ថា ម្ចាស់​អាគារ ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ អាគារ​សម្រាប់​ជួល គួរតែមាន​ការបន្ធូរបន្ថយ ឬ​បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​យ៉ាងហោចណាស់​ក្នុង​រង្វង់​ចាប់ពី៣០ ទៅ៥០ភាគរយ​នៃ​តម្លៃ​ចាស់​ទម្រាំ វិបត្តិ​មួយ​នេះ​មាន​ភាពស្ងប់ស្ងាត់ ហើយ​ចរន្ត​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​កន្លងមក​នេះ  អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​នានា ដែល​បាន​ជួល​ទីកន្លែង​របស់ខ្លួន ឱ្យដល់​អ្នកដទៃ​រកស៊ី ត្រូវមាន​ការយោគយល់ ចំពោះ​ការបង់ថ្លៃ​សេវា​ជួល​ទីតាំង ឬ​អាច​ទម្លាក់​ពេល​បង់លុយ ឬ​ទម្លាក់​តម្លៃ ប្រមាណ ៥០ ទៅ ៧០ ភាគរយ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា កំពុងតែ​ជួប​វិបត្តិ​នៃ​ការ​រាតត្បាត​វីរុស COVID-19 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here