ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យកម្រិតខ្ពស់របស់បុរី វិមានភ្នំពេញ ដែលជាគម្រោងទី១១ ឈ្មោះ ឌឹអេមផាយអឺ (The Empire) កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើន បន្ទាប់ពីប្រារព្វពិធីបុកគ្រឹះសាងសង់ និងប្រកាសបើកលក់ជាផ្លូវការកាលពីអំឡុងចុងខែកញ្ញា កន្លងទៅនេះ។
គម្រោងអភិវឌ្ឍន៍ បុរី វិមានភ្នំពេញ ឌឹអេមផាយអឺ (The Empire) ដែលជាប្រភេទផ្ទះវីឡាប្រណីតតម្លៃខ្ពស់ ស្ថិតនៅក្នុងគម្រោងទី១១ របស់ក្រមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក នៅភូមិបាក់ខែង (ស្ពានទី៤) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បច្ចុប្បន្ននេះកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដែលក្នុងនោះរួមមានទាំងអ្នកដែលដែលមានតម្រូវការលំនៅដ្ឋានស្នាក់នៅពិតប្រាកដ និងអ្នកដែលទិញទុកវិនិយោគបន្តយកចំណេញ។
ជាមួយនឹងសកម្មភាពនៃការចាប់ដំណើរការសាងសង់សំណង់លំនៅដ្ឋានកម្រិតខ្ពស់ ដែលមានភាពប្រណីត និងទាន់សម័យ ស្ថិតនៅលើផ្ទៃដីទំហំ២០ហិកតា លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១១រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានចាប់ដំណើរការអភិវឌ្ឍន៍នៅវិស័យអចលនទ្រព្យ ជាពិសេសវិស័យលំនៅដ្ឋានគ្រប់ប្រភេទបានរហូតដល់ចំនួន១១គម្រោង ដែលក្នុងនោះរួមមានដូចជា អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យម ដោយទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើន”។
លោកឧកញ៉ាបានបន្តថា “កត្តាដែលធ្វើឱ្យក្រុមហ៊ុនអាចឈានជំហានបោះទុនវិនិយោគអភិវឌ្ឍន៍សាងសង់លំនៅដ្ឋានបានរហូតដល់គម្រោងទី១១ រួមជាមួយនឹងផែនការអភិវឌ្ឍន៍គម្រោងថ្មីៗបន្ថែមទៀតនៅថ្ងៃខាងមុខនេះ ក៏ព្រោះតែក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើគុណភាពសំណង់ គុណភាពសេវាកម្ម ទីតាំងភូមិសាស្ត្រអភិវឌ្ឍន៍ និងផ្តល់នូវលក្ខខណ្ឌបង់ប្រាក់ងាយស្រួលស្របតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ”។
ជាមួយនឹងភាពល្អប្រណីតនៃគេហដ្ឋាន ជាពិសេសគុណភាពសំណង់សម្រាប់គម្រោងអភិវឌ្ឍន៍ទី១១ ខាងលើនេះបានផ្តល់ជូននូវលក្ខខណ្ឌនៃការទិញកាន់តែមានភាពងាយស្រួល រួមជាមួយនឹងការទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន ដូចជាការអនុគ្រោះដល់ការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់២៤ខែ ជាពិសេសមានការបញ្ចុះតម្លៃបន្ថែមរហូតដល់៥ភាគរយសម្រាប់រាល់ការទិញដែលបង់ផ្តាច់១០០ភាគរយ។
អ្វីដែលកាន់តែពិសេស នៅក្នុងគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទំនើប និងទាន់សម័យកម្រិតខ្ពស់ វិមានភ្នំពេញ ឌឹអេមផាយអឺ (The Empire) ក្រៅពីមានការរចនាម៉ូដយ៉ាងវិចិត្រគួរជាទីទាក់ទាញនៅក្នុងលំនៅដ្ឋាន ថែមទាំងមានការរៀបចំយ៉ាងពិសេសទៅលើទីកន្លែងសាធារណៈ ដូចជាកន្លែងហាត់ប្រាណដ៏ស្រស់ស្អាត់ អាងហែលទឹកយ៉ាងល្អប្រណីត មានសួនច្បារ និងកន្លែងអង្គុយស្រូបយកខ្យល់អាកាស ក៏ដូចជាកន្លែងជួបជុំជជែកគ្នាលេងជាមួយអ្នកជិតខាង បង្កើនមិត្តភាព និងភាពស្និទ្ធស្នាលផងដែរ។
អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ក៏បានបង្ហាញពីចំណាប់គាំទ្រទៅនឹងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើប និងទាន់សម័យមួយនេះផងដែរ ដោយលោកបានបញ្ជាក់ថា “ទីតាំងនៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានកម្រិតខ្ពស់ បុរី វិមានភ្នំពេញ ឌឹអេមផាយអឺ (The Empire) គឺមានភាពទាក់ទាញ និងមានសក្ដានុពលបំផុត ដោយសារតែស្ថិតនៅក្នុងតំបន់ដែលកំពុងមានការអភិវឌ្ឍ ជាពិសេសមានគម្រោងទីក្រុងរណបធំៗចំនួន២ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅអមសងខាង គឺគម្រោងក្រុងរណបរបស់ក្រុមហ៊ុន OCIC និងគម្រោងក្រុងរណបរបស់ក្រុមហ៊ុន លី យ៉ុងផាត់”។
លោកអភិបាលបានបន្តថា “ក្រៅពីគម្រោងអភិវឌ្ឍន៍ក្រុងរណបដូចបានលើកឡើងខាងលើនេះ រដ្ឋបាលក្រុងក៏មានគម្រោងអភិវឌ្ឍន៍ផ្លូវថ្មីចំនួន៣ខ្សែបន្ថែមទៀត ដែលស្ថិតជុំវិញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានខាងលើនេះ ដែលកាន់តែជំរុញឱ្យតំបន់ជ្រោយចង្វារមានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមពីលើអ្វីដែលមានស្រាប់”។
នៅពេលបច្ចុប្បន្ននេះ សម្រាប់តំបន់ជ្រោយចង្វារ មានគម្រោងសាងសង់សំណង់លំនៅដ្ឋានបង្ហាញរូបរាងយ៉ាងស្អេកស្កះ ហើយលំនៅដ្ឋានខ្លះមានតម្លៃរហូតដល់ជាង៥០ម៉ឺនដុល្លារក៏មាន។ ក្រៅពីនេះ នៅមានសំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាតមិនខ្ពស់ៗជាច្រើនគម្រោង ដែលគម្រោយខ្លះកំពុងសាងសង់ ហើយគម្រោងខ្លះទៀតបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ដំណើរការជាផ្លូវការផងដែរ ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងជំរុញការវិនិយោគបន្ថែមទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ៕