ដោយ ៖ វុត្ថា
ព្រះសីហនុ ៖ តាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងឈូសឆាយរៀបចំឆ្នេរសមុទ្រថ្មីដែលត្រូវបានប្រសិទ្ធិនាម « ឆ្នេរជំទាវម៉ៅ » ប្រវែងប្រមាណ ២៧០០ម៉ែត្រជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយទៀត សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងសារធារណៈ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០នេះថា រដ្ឋបាលខេត្ត បាន និងកំពុងសម្អាត និងកែលម្អសោភ័ណភាព « ឆ្នេរជំទាវម៉ៅ » នេះ ដោយឈូសឆាយកំប៉ូតព្រៃ និងកំទេចកំទីកាកសំណល់នានា ជាពិសេស យកដើមអាកាស្យាចេញ ដើម្បីរៀបចំឆ្នេរខ្សាច់ឱ្យទៅជាលំហរសាធារណៈបម្រើដល់វិស័យទេសចរណ៍ ។
លោកបន្តថា “ស្ថាប័នដែលមានភារកិច្ចក្នុងការអភិវឌ្ឍតំបន់ឆ្នេរថ្មីមួយនេះ គឺរដ្ឋបាលខេត្តព្រះសីហនុផ្ទាល់ដោយមិនមានការចូលរួមពិវិស័យឯកជននោះទេ ។ ជាមួយគ្នានេះនៅពេលរៀបចំរួចរាល់ យើងរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តកាន់តែច្រើន និងដោយសេរី”។
លោកបានបញ្ជាក់ប្រាប់ឱ្យដឹងថា ការអភិវឌ្ឍ និងរៀបចំតំបន់ « ឆ្នេរជំទាវម៉ៅ » រួមផ្សំជាមួយនឹងការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ និងផ្លូវរណបក្រុងផ្សេងទៀតនៅក្នុងខេត្ត នឹងធ្វើឱ្យខេត្តព្រះសីហនុកាន់តែទាក់ទាញលើការវិនិយោគ និងទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុធ្លាប់បានឱ្យដឹងថា ទីតាំងឆ្នេរដែលបានរៀបចំថ្មីនេះត្រូវបានប្រសិទ្ធិនាមថា ” ឆ្នេរជំទាវម៉ៅ ” មានទីតាំងស្របនឹងផ្លូវជំទាវម៉ៅ ដែលទើបតែស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកបន្តថា “« ឆ្នេរជំទាវម៉ៅ » នឹងបង្ហាញសម្រស់ សោភ័ណភាពស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនាកម្សាន្ត និងលេងកម្សាន្តដោយសេរី ។ ពេលនេះនៅខេត្តព្រះសីហនុ យើងមានឆ្នេរថ្មីជាផ្លូវការបន្ថែមប្រវែង ២៧០០ម៉ែត្រទៀតហើយ ដោយកំពុងធ្វើការឈូសឆាយសម្អាតព្រៃនៅតាមដងផ្លូវ និងព្រៃនៅជាប់ឆ្នេរខ្សាច់សស្អាត និងមានថ្មដោយកន្លែងគួរជាទីគយគន់”។
លោកអភិបាលខេត្តបញ្ជាក់ថា ស្ថិតនៅក្នុងតំបន់ពយម៉ាចូវ ដែលពេលនេះគេហៅថាឆ្នេរលោកយាយជំទាវម៉ៅ ទើបសាងសង់ផ្លូវថ្មីទៅដល់(ផ្លូវថ្មីមួយក្នុងចំណោម៣៤ខ្សែ)។ ឆ្នេរនេះមិនធ្លាប់មានប្រជាពលរដ្ឋមកលេងជាសាធារណៈទេ ព្រោះជាដីកាន់កាប់ដោយឯកជនមិនទាន់បានធ្វើការអភិវឌ្ឍន៍។ ប៉ុន្តែ ពេលនេះវិស័យឯកជនបានយល់ព្រមប្រគល់ជូនរដ្ឋបាល ដើម្បីធ្វើការអភិវឌ្ឍតាមគម្រោងប្លង់របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាធ្វើឱ្យឆ្នេរសមុទ្រផ្លូវការនៅខេត្តព្រះសីហនុគិតត្រឹមឆ្នាំ២០២០ មានប្រវែងសរុប ១០៨០០ម៉ែត្រកំពុងត្រូវបានរៀបចំជាឆ្នេរសាធារណៈជាបន្តបន្ទាប់៕