ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ឱ្យប្រើសប្រាស់នូវគម្រោងហិរញ្ញប្បទាន ដែលមានទំហំ១០០លានដុល្លារ ដើម្បីជម្រុញកិច្ចអភិវឌ្ឍន៍ និងទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាក្នុងគ្រាកំពុងជួបបញ្ហាប្រឈម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពី ការដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម” នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិក្រោមគម្រោង សហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់១០០លានដុល្លារ ដែលជាការផ្ដល់សហហិរញ្ញប្បទានបដិភាគស្មើគ្នារវាងធនាគារសហគ្រាស ធុនតូចនិងមធ្យមនៅកម្ពុជា (ធ.ស.ក) និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម)។
នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាប់ផ្ដើមដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម” ចាប់ពីថ្ងៃនេះតទៅ ដោយការផ្ដល់ឥណទានមានការប្រាក់ទាប ដើម្បជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ផ្នែកកម្មន្ដសាល និងសិប្បកម្ម សម្រាប់ជំនួស ឲ្យការនាំចូលបម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងផលិតរបស់ក្រុមហ៊ុនធំៗជាដើម។
គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៃគម្រោងសហហិរញ្ញប្បទាននេះមានចំនួន៣៣ ដោយក្នុងនោះ មានធនាគារពាណិជ្ជចំនួន២៣ ធនាគារឯកទេសចំនួន២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន៥ និងគ្រឹះស្ថានហិរញ្ញវត្ថុមានចំនួន២ផងដែរ។
ដោយឡែកសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទាន អាចធ្វើការដាក់ពាក្យស្នើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទាននេះបាន នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌ របស់គម្រោងសហហិរញ្ញប្បទាន និងលក្ខខណ្ឌផ្ដល់ឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕