ក្រុមហ៊ុនចិនធំមួយស្វែងរកទីតាំងវិនិយោគរោងចក្រផលិតស្រោមដៃចំនួន១០ទីតាំងបន្ថែមនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភា​ក្សាការងារជាមួយលោក លាវ គួយស៊ី(Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។

លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូន ចំពោះគណៈ​ប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលលោក លាវ គួយស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាមួយដ៏សមស្របបំផុត និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលបានសហការជាមួយក្រុមហ៊ុនMedtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។

លោកអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពី វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

លោក លាវ គួយស៊ី បានថ្លែងអំណរគុណជូនចំពោះលោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភា​ក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុនShijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ៣០ឆ្នាំកន្លងមកហើយ ក្នុងការផលិតស្រោមដៃពេទ្យ និងឧប​ក​​​រណ៍ការពារផ្ទាល់ខ្លួន(PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។

លោកលាវ គួយស៊ី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រី​កការវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន(PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ១០ខ្សែបន្ថែមទៀត។

លោកជា វុទ្ឋីបានសម្តែងនូវការគាំទ្រ ចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមា ធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here