ដោយគង់ សូរិយា
ភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យករាជធានី ខេត្តចំនួន៦ជាមូលដ្ឋានសម្រាប់រៀបចំតំបន់ឧស្សាហកម្មជាតិ ដោយសារ តំបន់ទាំងនោះមានហេដ្ឋារចនាសម្ព័ន្ឋសមស្របនិងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានថ្លែងក្នុងបទបង្ហាញមួយកាលពីពេលកន្លងមកថា យុទ្ធសាស្រ្តកម្ពុជាបានកំណត់តំបន់អទិភាពមួយចំនួន ជាតំបន់មូលដ្ឋានឧស្សាហកម្មជាតិ និងជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ដើម្បីបម្រើដល់ការធ្វើពាណិជ្ជកម្ម។ លោកបន្តថា ក្នុងគោលដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច កម្ពុជាបានកំណត់តំបន់អទិភាពមួយចំនួន ជាមូលដ្ឋានឧស្សាហកម្មជាតិ រួមមានទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ក្រុងប៉ៃលិន និងខេត្តសៀមរាបជាដើម។
លោកបន្តថា “មូលដ្ឋានទាំងអស់នេះ ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ជាទីប្រជុំជនប្រកបដោយសក្តានុពល ដើម្បីបម្រើដល់ការនាំចេញនាំចូលក្នុងការធ្វើពាណិជ្ជកម្ម”។
ក្នុងយុទ្ធសាស្រ្តដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល គឺការគិតគូរក្នុងការបង្កើនធនធានមនុស្ស ជាវិស័យអទិភាពទី១ ដែលរាជរដ្ឋាភិបាលកំពុងកែទម្រង់ រួមមានការអប់រំវិជ្ជាជីវៈSTEM សុខាភិបាល និងបញ្ហាពាក់ព័ន្ធសង្គមផ្សេងៗទៀត។ ការពិពិធកម្មសេដ្ឋកិច្ច រួមមានផ្លូវដឹកជញ្ជូន ការគ្រប់គ្រប់តាមប្រព័ន្ធឌីជីថល ការគ្រប់គ្រងកំណើនសេដ្ឋកិច្ចទៅតាមយន្តរបស់រាជរដ្ឋាភិបាល និងនិងការអភិវឌ្ឍន៍ជនបទជាដើម ដែលបញ្ហាទាំងនេះទាក់ទងទៅដល់ការកែទម្រង់ អភិបាលកិច្ចល្អផងដែរ ។
លោកវង្សី វិស្សុតបានបន្តថា នៅក្នុងក្របខណ្ឌនៃការរក្សាកំណើនសេដ្ឋកិច្ច កម្ពុជាកំពុងការចាប់ផ្តើម ធ្វើឲ្យប្រសើរឡើងលើបច្ចុប្បន្នកម្ម ទំនើបកម្មដែលមានស្រាប់ រួមមានឧស្សាហកម្ម កសិកម្ម កម្មន្តសាល និងវិស័យសេវាជាដើម ជាពិសេសការស្វែងរកប្រភេទឧស្សាហកម្មផ្សេងៗទៀត ដើម្បីជម្រុញឲ្យកំណើនកើនឡើងជាមុន ក្នុងនោះកម្ពុជាត្រូវតែធ្វើប្រតិភូកម្មសេដ្ឋកិច្ចម្ខាង និងការបង្កើតភាពប្រគួតប្រជែងម្ចាងទៀតផ្សេងទៀត ផងដែរ។
គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាលឆ្នាំ បានកំណត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិតក្នុងខេត្តស្វាយរៀងជាតំបន់ សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម មានលក្ខណៈពិសេសមួយ ជាលទ្ឋផលក្រុងទាំងពីរកំពុងមានការអភិវឌ្ឍ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ៕