ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលសហព័ន្ធរុស្សុី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានសន្យាជាថ្មីក្នុងការជួយជំរុញវិនិយោគិននៅប្រទេសរបស់ខ្លួនមកបណ្តាក់ទុនវិនិយោគជាដៃគូជាមួយកម្ពុជា ព្រមទាំងជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច និងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំង២ផងដែរ។
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សុីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរូវីក( Anatoly BOROVIK ) នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសចូកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បញ្ជាក់ថា វិនិយោគិននៃប្រទេសសហព័ន្ធរុស្សុីជាច្រើន បាន និងកំពុងមានការចាប់អារម្មណ៍ក្នុងការមកបណ្តាក់ទុនវិស័យនៅកម្ពុជាជាច្រើនវិស័យ ជាពិសេសវិស័យថាមពល។
លោក អាណាតូលី បូរូវីក បានបញ្ជាក់ថា “មានវិស័យជាច្រើននៅកម្ពុជា ដែលបានទាក់ទាញចំណាបើអារម្មណ៍អ្នកវិនិយោគនានានៅក្នុងប្រទេសរុស្សុី ប៉ុន្តែវិស័យដែលឈានមុខ និងមានចំណាប់អារម្មណ៍ គឺវិស័យថាមពលអគ្គិសនី ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនជំនាញប្រឹក្សារបស់ពួកគេកំពុងតែសិក្សាលម្អិតពីសក្ដានុពលមុនពេលចូលមកវិនិយោគ”។
លោកបានបន្តថា “រុស្ស៊ីបានគាំទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជា នៅឆ្នាំ២០២១ ខាងមុខនេះ។ ក្នុងនាមជារដ្ឋាភិបាលសហព័ន្ធរុស្សុី សូមចូលរួមចែករំលែកទុក្ខលំបាក និងសម្តែងការសោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ឯកឧត្តមានជម្រាបជូនសម្តេចផងដែរ ពីជោគជ័យរបស់ប្រទេសរុស្ស៊ីក្នុងការស្រាវជ្រាវនិងផលិតថ្នាំនិងវ៉ាក់សំាងជំងឺកូដ១៩ ដែលទទួលបានជោគជ័យជាវិជ្ជមាន”។
សម្តេចប្រធានរដ្ឋសភា ហេង សំរិន បានលើកឡើងពីចំណងមិត្តភាពនិងទំនាក់ទំនងដ៍ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី )ដែលមានតាំងពីយូរមកហើយ ពោលបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ អតីសហភាព សូវៀត ជាមិត្តដ៍ល្អរបស់កម្ពុជា ដែលបានជួយគាំទ្រកម្ពុជាកម្ពុជា តាំងពីក្រោយរបបប៉ុលពតបានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិចបានព្យាយាមហ៊ុមព័ទ្ធកម្ពុជាឱ្យនៅឯកោ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងគាំទ្រចំពោះបេសកកម្មការទូតរបស់អាណាតូលី បូរូវីក នៅកម្ពុជានិងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទាំងវិស័យនយោបាយ កាទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។
សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈនេះ បច្ចុប្បន្ន ដែលពិភពលោកទាំងមូល កំពុងជួបវិបត្តិជម្ងឺកូវីត១៩ ទាមទាឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគំាទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីត១៩ ឲ្យទទួលបានជោគជ័យ។
ឯកឧត្តម អាណាតូលី បូរូវីក បានសន្យាថានៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង ទំាងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេភាគី និងពហុភាគី៕