រដ្ឋាភិបាល អនុម័តលើគម្រោងវិនិយោគចំនួន៥ មានទំហំទឹកប្រាក់សរុបជិត១៦៩លានដុល្លារ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោយភាពស្ងប់ស្ងាត់នៃការរាតត្បាតជំងឺឆ្លង Covid-19 រាជរដ្ឋាភបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើគម្រោងចំនួន ៥ផ្សេងគ្នា ដែលមានទុនជិត ១៦៩ លានដុល្លារ ស្ថិតនៅក្នុងក្រុងព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៥ លើវិស័យសណ្ឋាគារ រោងចក្រ សហគ្រាស ស្ថានីយផលិតអគ្គិសនី និងរោងចក្រផលិតបន្ទះសូឡា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដែលក្នុងនោះមានឈ្មោះដូចខាងក្រោម ៖

១-“YONG WANG (CAMBODIA) CO., LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៧០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨កន្លែង។

២-“PROSPECT ENERGY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។
៣-“RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD.” គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ៥០,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- Campico Global Flooring Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេរ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

២- JL Cool Refrigeration Technology Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូរទឹកកក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here