ដោយ វុត្ថា
ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា តាមរយៈទីភ្នាក់ងារអភិវឌ្ឍស៊ីដា ស៊ុយអែតបានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ដោយក្នុងរយៈពេលជាង៥ឆ្នាំប្រទេសនេះបានផ្តល់ជំនួយអភិវឌ្ឍន៍មកកាន់កម្ពុជាក្នុងទឹកប្រាក់១០០លានដុល្លារអាមេរិក។
នៅក្នុងជំនួបជាមួយលោកជំទាវ ម៉ារៀ សាហ្គ្រេន (H.E. Ms. Maria Sargren) ឯកអគ្គរដ្ឋទូតចប់អាណត្តិ ប្រទេសស៊ុតអែតប្រចំានៅកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអរគុណដល់ប្រទេសស៊ុយអ៊ែត ដែលបានជួយជំនួយបច្ចេកទេសដល់រដ្ឋសភា លើការអភិវឌ្ឍន៍និងលើកកម្ពស់សមត្ថភាពរបស់តំណាងរាស្ត្រ និងមន្រ្តីជំនាញតាមរយៈការរៀបចំទស្សនកិច្ចសិក្សា ការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។
សម្តេចបានស្នើដល់ប្រទេសស៊ុយអែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងក្រុមអ្នកស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត លើវិស័យអាទិភាព ដូចជាការអភិវឌ្ឍកសិកម្ម ការអភិវឌ្ឍទីក្រុងវ៉ៃឆ្លាត ទេសចរណ៍ សហគ្រិនស្រ្តី និងសេដ្ឋកិច្ចឌីជីថលជាដើម។
សម្តេចប្រធានរដ្ឋសភា មានក្តីសង្ឃឹមថា ទោះបីលោកជំទាវ ម៉ារៀ សាហ្គ្រេន បានបញ្ចប់បេសកកម្មការទូតពីកម្ពុជា ទៅទទួលបេសកកម្មការងារថ្មីនៅទីណាក៏ដោយ ក៏លោកជំទាវនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងបន្តជួយផ្សព្វផ្សាយ លើកទឹកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៍មកកំសាន្តនៅកម្ពុជា។
លោកជំទាវ ម៉ារៀ សាហ្គ្រេន ឯកអគ្គរដ្ឋទូតចប់អាណត្តិ ប្រទេសស៊ុតអែត ប្រចំានៅកម្ពុជា បានអបអរសាទរពីការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រស្របតាមគោលដៅអភិវឌ្ឍន៍សហវត្សរ៍។ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសស៊ុយអ៊ែត បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជាជាច្រើនវិស័យ មានដូចជា ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអប់រំ ការអភិវឌ្ឍសហគមន៍ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ជាដើម។
នៅក្នុងបេសកកម្មការទូត៣ឆ្នាំនៅកម្ពុជា លោកជំទាវ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានឃើញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ មានការរីកចម្រើន ទំាងផ្នែកពាណិជ្ជកម្ម ការទូត និងវប្បធម៌។
ស៊ុយ អែត ជាប្រទេសមួយដែលស្ថិតនៅក្នុងសហគមអឺរ៉ុប ដែលបានជួយកម្ពុជាចាប់ពីរបបខ្មែរក្រហមបានដួលរលំ និងជាបន្តបន្ទាប់មក៕