រយៈពេល៥ឆ្នាំ​ស៊ុយអែត​បាន​ផ្តល​ថវិកា​ប្រមាណ១០០លាន​ដុល្លារ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​បាន​លើកឡើង​ថា​ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍ​ស៊ីដា​ ស៊ុយអែត​បាន​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​ ដោយ​ក្នុងរយៈពេល​ជាង៥ឆ្នាំ​ប្រទេស​នេះ​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​មកកាន់​កម្ពុជា​ក្នុងទឹក​ប្រាក់១០០លាន​ដុល្លារ​អាមេរិក​។

នៅក្នុង​ជំនួប​ជាមួយ​លោកជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេន​ (H.E​. Ms​. Maria​ Sargren​) ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​ ប្រទេស​ស៊ុត​អែ​តប្រចំា​នៅ​កម្ពុជា​ នៅ​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​បាន​អរគុណ​ដល់​ប្រទេស​ស៊ុយ​អ៊ែ​ត ដែល​បាន​ជួយ​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋសភា​ ​លើ​ការអភិវឌ្ឍន៍​និង​លើកកម្ពស់​សមត្ថភាព​របស់​តំណាងរាស្ត្រ​ ​និង​មន្រ្តី​ជំនាញ​តាមរយៈ​ការរៀបចំ​ទស្សនកិច្ច​សិក្សា​ ​ការរៀបចំ​សិក្ខាសាលា​ និង​វគ្គ​បណ្តុះបណ្តាល​នានា​។

សម្តេច​បាន​ស្នើ​ដល់​ប្រទេស​ស៊ុយអែត​ បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ និង​ក្រុម​អ្នកស្រាវជ្រាវ​ ដើម្បី​ពង្រឹង​សមត្ថភាព​ជំនាញ​ក្នុង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​ លើ​វិស័យ​អាទិភាព​ ដូចជា​ការ​អភិវឌ្ឍ​កសិកម្ម​ ការ​អភិវឌ្ឍ​ទីក្រុង​វ៉ៃ​ឆ្លាត​ ទេសចរណ៍​ សហគ្រិន​ស្រ្តី​ និង​សេដ្ឋកិច្ច​ឌីជីថល​ជាដើម​។

សម្តេច​ប្រធាន​រដ្ឋសភា​ មាន​ក្តី​សង្ឃឹមថា​ ទោះបី​លោកជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេន​ បាន​បញ្ចប់​បេសកកម្ម​ការទូត​ពី​កម្ពុជា​ ទៅ​ទទួល​បេសកកម្ម​ការងារ​ថ្មី​នៅ​ទីណា​ក៏ដោយ​ ក៏​លោកជំទាវ​នៅតែ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​កម្ពុជា​ និង​បន្ត​ជួយ​ផ្សព្វផ្សាយ​ លើកទឹកចិត្ត​ដល់​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​នៅ​កម្ពុជា​។

លោកជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេន​ ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​ ប្រទេស​ស៊ុត​អែ​ត ប្រចំា​នៅ​កម្ពុជា​ បាន​អបអរសាទរ​ពី​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដែល​ជា​កក្តា​សំខាន់​នៅក្នុង​ការ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​។ លោកជំទាវ​ឯកអគ្គ​រដ្ឋទូត​ បាន​ជម្រាប​សម្តេច​ប្រធាន​រដ្ឋសភា​ថា​ ប្រទេស​ស៊ុយ​អ៊ែ​ត បាន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​កម្ពុជា​ជាច្រើន​វិស័យ​ មាន​ដូចជា​ ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ ការអប់រំ​ ការ​អភិវឌ្ឍ​សហគមន៍​ ការ​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ និង​សមភាព​យេនឌ័រ​ ជាដើម​។

នៅក្នុង​បេសកកម្ម​ការទូត៣ឆ្នាំ​នៅ​កម្ពុជា​ លោកជំទាវ​ មាន​ក្តី​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ ដែល​បានឃើញ​ចំណងមិត្តភាព​ កិច្ច​សហប្រតិបត្តិ​ការ​ប្រទេស​ទំាង​ពីរ​ មានការ​រីកចម្រើន​ ទំាង​ផ្នែក​ពាណិជ្ជកម្ម​ ការទូត​ និង​វប្បធម៌​។

ស៊ុយ​ អែត​ ជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ក្នុង​សហ​គម​អឺរ៉ុប​ ដែល​បាន​ជួយ​កម្ពុជា​ចាប់ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ និង​ជាបន្តបន្ទាប់​មក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here