ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានជួបជាមួយទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក Wu Chuanbing ដើម្បីពង្រឹងទំនាក់ទំនងយុវជននៃប្រទេសទាំងពីរ។
លោកWu Chuanbing បានមានប្រសាសន៍ក្នុងជំនួបជាមួយលោកបណ្ឌិតហ៊ុន ម៉ាណែតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា កម្ពុជា-ចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះគឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនយើងទាំងពីរ។
លោកបន្តថា “ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញថា «ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន”។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា ក្នុងនាមយុវជនកម្ពុជា បានបង្ហាញសេចក្តីរីករាយ ដែលបានឃើញថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានថែបំប៉នឱ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្តនយោបាយដ៏ខ្ពស់បំផុត”។
លោកបានបញ្ជាក់ថា “ជំនួបថ្ងៃនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនងរវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង រវាងកម្ពុជាចិនលើគ្រប់វិស័យ”។
រដ្ឋាភិបាលចិន តាមរយៈស្ថានទូតសាធារណៈរដ្ឋ ប្រជាមានិតចិនប្រចាំនៅកម្ពុជាកំពុងផ្សារភ្ជាប់កិច្ចទំនាក់ទំនងល្អរវាងយុវជនចិន និងកម្ពុជាឱ្យកាន់តែជិតស្និទ្ធ ហើយប្រែក្លាយឱ្យទៅជាគុណតម្លៃនៃប្រជាជននៃប្រទេសទាំង២។
លោកបានបន្តថា “តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនេះ ប្រទេសយើងទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ និងស្ថាប័ន។
ជាមួយគ្នានេះ កម្ពុជា-ចិន ក៏មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះគឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនយើងទាំងពីរ”៕