ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំណត់ និងជំរុញឱ្យវិស័យឯកជនដែលកំពុងតែធ្វើប្រតិបត្តិការក្នុងវិស័យសំណង់នៅកម្ពុជា ចាំបាច់ត្រូវតែពង្រឹងសមត្ថភាព និងអនុវត្តន៍ដោយគោរពទៅតាមច្បាប់សំណង់ដែលបានចែង ជៀសវាងកើតមានកំហុសឆ្គងរហូតមានទោស។
មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធសរុបប្រមាណជិត ២០០០នាក់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា “យើងបើកទូលាយឱ្យមានការវិនិយោគលើវិស័យសំណង់គ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីជាផលប្រយោជន៍ដល់សង្គមទូទៅ ក៏ដូចជាក្រុមហ៊ុនវិនិយោគផងដែរ ប៉ុន្តែត្រូវប្រាកដ និងជឿជាក់ថាមានភាពរឹងមាំ ឱ្យស្របទៅនឹងគោលការណ៍ច្បាប់ដែលបានកំណត់”។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា អ្នកដែលទទួលខុសត្រូវទៅលើការគ្រប់គ្រងការដ្ឋានដែលផ្តោតសំខាន់ទៅលើគុណភាពសំណង់ ដែលហៅថាវិស្វករ គឺជាអ្នកដែលមានជំនាញច្បាស់លាស់ មានវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលមានភារកិច្ចត្រួតពិនិត្យគ្រប់ផ្នែកនៃសំណង់ឱ្យប្រាកដកថាមានភាពល្អប្រសើរ ស្របតាមគោលការណ៍ច្បាប់ ដែលទាំងអស់នេះក៏ជាការចូលរួមក្នុងការជួយពង្រឹងច្បាប់សំណង់ផងដែរ ហើយសកម្មភាពទាំងអស់នេះក៏ត្រូវតែយកចិត្តទុកដាក់អនុវត្តជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងពីការហាមឃាត់សាជាថ្មីម្ដងទៀត ពាក់ព័ន្ធទៅនឹងការជ្រកកោននៅក្នុងគម្រោងសំណង់ដែលកំពុងតែសាងសង់ ឬមិនទាន់បញ្ចប់ការសាងសង់ជាស្ថាពរ ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ ជាក់ស្ដែងដូចជាព្រឹត្តិការណ៍កាលពីពេលកន្លងទៅ ជាពិសេសហេតុការណ៍ចុងក្រោយដែលទើបតែកើតមានឡើងនៅក្រុងកែបបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។
នៅក្នុងកម្មវិធីនៃវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ ជីនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣នេះ ក៏មានការប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន រួមជាមួយនឹងសេចក្ដីណែនាំស្ដីពីការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ផងដែរ។
អគ្គនាយកក្រុមហ៊ុន POV LEAP ENGINEERING & CONSTRUCTION លោក ហាក់ ងួនឈាង បានលើកឡើងថា ចំពោះកម្មវិធីផ្សព្វផ្សាយមួយដែលនេះគឺមានសារសំខាន់បំផុតសម្រាប់វិស័យសំណង់ ដែលផ្តោតសំខាន់ទៅលើអ្នកអនុវត្តផ្ទាល់នៅក្នុងវិស័យនេះឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ឱ្យកាន់តែមានភាពល្អប្រសើរ។ លោកបានបន្តថា “ចន្លោះខ្វះខាត់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគ្រប់គ្រងទៅលើគុណភាពសំណង់របស់ខ្លួន ក្រៅពីជះឥទ្ធិពលអាក្រក់ដល់វិស័យសំណង់ ថែមទាំងមានហានិភ័យសម្រាប់អាជីវកម្មសំណង់របស់ខ្លួនថែមទៀត”។
លោកបញ្ជាក់ថា “នៅពេលសមិទ្ធផលសំណង់មានគុណភាពល្អ ប្រកបដោយសោភ័ណភាព ក្រៅពីអាចចូលរួមក្នុងការលើកកម្ពស់ការអនុវត្តច្បាប់សំណងនៅកម្ពុជា ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងការសាងសង់សុទ្ធតែទទួលបានភាពល្អប្រសើរដូចគ្នា។ ដូច្នេះក្នុងនាមជាអ្នកអភិវឌ្ឍន៍ម្នាក់នៅក្នុងវិស័យសំណង់ សូមលើកទឹកចិត្តដល់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យនេះ ចូលរួមអនុវត្តឱ្យបានតឹងរឹងទាំងអស់គ្នា ៕