ដោយវុត្ថា
ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់លំនៅឋាន តម្លៃសមរម្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុន World Bridge Homes Co., Ltd ចំនួន ៦៨០ ខ្នងផ្ទះ លើគម្រោងសរុបចំនួន ២៤៥៧ ខ្នងផ្ទះ ជូនពលរដ្ឋស្ថិតនៅភូមិគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ពិធីប្រគល់លំនៅឋានតម្លៃសមរម្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០នេះ ដែលមានការចូលរួមជាសាក្សី ពីលោក ងី តាយី រដ្ឋលេខាធិការ ក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ។
រដ្ឋាភិបាលបានអនុវត្តតាមគោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យក្នុងគោលដៅផ្តល់ឱកាសជូនប្រជាពលរដ្ឋទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបាន ប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសពលរដ្ឋដែលមានចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ។
រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តគម្រោងលំនៅឋានតម្លៃសមរម្យចំនួន ៥ គម្រោងរួមមានលំនៅឋានសរុបចំនួន ៨៣៣១ ខ្នងផ្ទះ និង ៧២៥៦ ចំណែកឯកជន ត្រូវបានអនុវត្តក្នុងនោះនៅរាជធានីភ្នំពេញចំនួន ២គម្រោង ខេត្តកណ្តាលចមនួន ២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន ១គម្រោង៕