វិភាគៈតើចិនត្រលប់មកកម្ពុជាវិញឬទេ ខណៈគំរោងខ្សែក្រវ៉ាត់និងផ្លូវឆ្ពោះមកតំបន់អាស៊ីត្រូវបានដកចេញពីបញ្ជីរអាទិភាព

4

ដោយ យិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកPropertyarea

ភ្នំពេញៈ សករាជអាស៊ីនឹងប្រែព៌ណមែនទេ ខណៈមហាយក្សចិនបានផ្លាស់ប្តូរយុទ្ឋសាស្រ្តរបស់ខ្លួន ជាមួយការដាក់ចេញសករាជថ្មី ជាអ្វីដែលប្រទេសចិនបាននិងកំពុង   ផ្តោតលើការកសាងសុខដុមនីយកម្មរបស់ខ្លួនជាអាទិភាព។

ព្រះអាទិត្យចិនហាក់ប្រែព៌ណ ខណៈមហាយក្សនេះ ទទួលរងសម្ភាធជាច្រើនពីមិត្តក្នុងភាពជាសត្រូវរបស់ខ្លួន(សហរដ្ឋអាមេរិក) ហេតុនេះការផ្លាស់ប្តូរយុទ្ឋសាស្រ្ត និងគោលនយោបាយរបស់ខ្លួន បានដាក់ចេញដោយប្រុងប្រយ័ត្នជាងមុន។

ខ្យល់ប្តូរទិស

មហាយក្សចិនបានងើបឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​នេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោនបាយ យោធារបស់ចិនបានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្សដែលធ្លាប់ដេកលក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធានមិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើយប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធនរបស់ប្រទេសដល់តំបន់ពួកគេនៅឡើយ។

ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះវិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួនក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពីការ ពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ កិ្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ សករាជថ្មីនិងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។

គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវលែងជាអាទិភាព

ប្រវត្តិសាស្រ្តរបស់ចិនមានសភាពវែងអន្លាយ ដូចរឿងមួយពាន់មួយយប់អញ្ចឹង ហើ​យគំនិតផ្លួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយកមកប្រើ​ប្រាស់ឡើងវិញ ដោយប្រធានាធិបតីដ៏មានឥទ្ឋិពលរបស់ចិន(ស៊ី ជីនពីង)ឡើងវិញ។ ការដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និង​នយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោកនាពេលអនាគត។

ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិនបានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយអាទិភាព​របស់ខ្លួន។

ៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភាក្សាយអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

គោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះកំពុងប្រឈមនឹង ស្ថានភាពថ្មី ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរពី សុបិនចិន China Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ សករាជថ្មី

ភូមិសាស្រ្តនយោបាយ

ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានកើនឡើងសមាជិកដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន៦៥ភាគរយក្នុងពិភពលោក និងស្មើផលទុនជាតិសរុបពិភពលោករហូតដល់៤០ភាគរយ ត្រូវបានដកចេញពីបញ្ជីរអាទិភាពក្តី ក៏គោលនយោ​បាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពលទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោកនាពេលខាងមុខ ក្នុងនាមជាមហាអំណាចលេខ១ ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើឲ្យប្រទេសជាច្រើនរងការគំរាមកំហែងដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។

ទី៤ ចិនត្រូវតែមានទីតាំងឈរជើងកាន់តែរ៉ឹងមាំាំផ្នែកយោធា ព្រោះប្រសិនជាចិនអាចពង្រីកមូលដ្ឋានកងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពល​របស់ខ្លួនកាន់តែឆាប់រហ័ស។ ទី៥ ចិនត្រុវតែមានដៃគូឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិនចាត់ទុកជា មិត្តដែកថែបដើម្បីការពារផលប្រយោជន៍របស់ខ្លួនផង ដើម្បីចូលរួមគាំពារគោលនយោបាយរបស់ខ្លួនផង។

មហាយក្សចិន មិនអាចបង្កសត្រូវកាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែងច្រើននោះដែរ ហេតុនេះការប្រើប្រាស់យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើ​ម្បីពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែជានយោ​បាយអាទិភាព។

តើចិនត្រលប់មកម្ពុជាឬទេ?

វាជាសំណួរធំមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំ ហើយភាពសំអប់ចិន ទំនងជារសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្ត​មានចិន បានធ្វើឲ្យកម្ពុជាហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺCovid-19ដ៏មហន្តរាយ។

ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែមដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ ប្រទេសពីរវាសនាតែមួយ បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងងពីរមិនអាចកាត់ផ្តាច់បាន។

តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅ​លេខរៀងទី១ ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើន​ជាងគេមកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលកម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗដូចគេ ជប់ ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយ​ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យកាន់តែភ្លឺស្វាងជាងមុន។

មហាយក្សចិននឹងត្រលប់មកវិញ

ផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិសាស្រ្តនយោ​បាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញ នៅពេល​ខាងមុខ(ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុងរបស់ចិន)។

ហេតុអី? ចម្លើយទី១ ចិននៅតែត្រូវការកម្ពុជា ដោយសារកម្ពុជាជាមិត្តគួរឲ្យទុក​ចិត្តបាន និងជាមិត្តដែកថែបរបស់ខ្លួន ទី២ ក​ម្ពុជា ជាសមាជិកមួយក្នុងចំណោមបណ្តាប្រ ទេសមាជិកអាស៊ានទាំង១១(រាប់ទាំងប្រទេសទីម័រឡេស្ត) ដែលអាចការពារផលប្រយោ​ជន៍ នយោបាយរបស់ចិនក្នុងតំបន់នេះ ព្រោះអាស៊ានមិនមែនជាខ្លាក្រដាសនោះទេ ហើ​យ​​អាស៊ានបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ ផ្នែកភូមិសាស្រ្តនយោបាយផង សេដ្ឋ​កិច្ចផង។ ទី៣ កម្ពុជាជាមហាមិត្ត ដែលបានបដិសេធឬធ្វើអនុប្បវាទ លើសេចក្តីថ្លែងការណ៍​របស់អាស៊ាន ខណៈតំបន់នេះបាននិងកំពុងប្រទាញប្រទង់ យកឥទ្ឋិពលពីអាមេរិក​ផងដែរ។

ទី៤ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ មហាអំណាចអាមេរិក និងប្រទេសក្នុងតំបន់ដទៃទៀត បានយកកម្ពុជាជាសមរភូមិ ដើម្បីវាយប្រហារចិនលើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមានកម្ពុជាសេចក្តីថ្លែងការណ៍ត្រូវបានជាប់គាំង ដោយសារកម្ពុជាមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ (អាស៊ានចេញសេចក្តីថ្លែងការណ៍រួចទៅបាន ទា​ល់តែប្រទេសសមាជិកទាំងអស់ចុះហត្ថលេខា)។ ទី៥ ផ្អែកលើបទពិសោធន៍នេះ ចិនបាន​ជ្រើសរើសកម្ពុជាជាមិត្តដែកថែប និងអាចការពារផលប្រយោជន៍គ្នាទៅវិញទៅមក។

ទី៦ ចិនឈរជើងនៅកម្ពុជា មិនត្រឹមតែជាការការពារកម្ពុជានោះទេ ប៉ុន្តែក៏ដើម្បីទប់ឥទ្ឋិពលវៀតណាម នៅក្នុងតំបន់ឥណ្ឌូចិន ដែលវៀតណាមនៅតែមានគោលដៅលេបយកឥណ្ឌូចិន ប៉ុន្តែចិននឹងមិនអនុញ្ញាត្តឲ្យប្រទេសនេះ សម្រេចមហិច្ឆតារបស់ខ្លួនបានទេ។

នយោបាយកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ

បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ពីភាពប៉ិនប្រសព្វ​នូវការដាក់ចេញនយោបាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈ​បុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំក្នុងអំណាច និងបានដឹកនាំប្រទេសចេញពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាននូវស្ថេរភាពនយោបាយ  ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ចរីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។

គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ បុរសខ្លាំងរូបនេះមិនអាចឈរជើងក្នុងអំណាចដ៏យូរបែបនេះឡើយ។

ប្រសិនបើយើងមើល ទៅលើទំនាក់ទំនងជាមួយចិនវិញ ក្រោមការដឹកនាំរបស់បុរសខ្លាំងរូបនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ បាននិងកំពុងពង្រឹ​ង និងពង្រីកជាបន្តបន្ទាប់ ដែលទំនាក់ទំនងនេះបាននាំផលប្រយោជន៍ ដ៏មហាសាលសំរាប់ជាតិសាសន៍ ដែលបាននិងកំពុងរស់នៅក្នុងស្នាមញញឹមជាថ្មី និងម្លប់នៃសន្តិភាពនា​ពេលបច្ចុប្បន្ន។

តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិនរបស់សម្តេចតេជោកាលពីថ្ងៃទី៥​កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានាបានរត់ចោលចិន តែសម្តេចបានទៅទស្សនកិច្ចប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា កម្ពុជាជាមិត្តស្លាប់រស់របស់ចិន ខណៈកម្ពុជាមានសុភាសិតផ្ទាល់ខ្លួនថា ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក

ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិនហៅសម្តេចតេជោជា បុរសង្ហារជាងគេក្នុងលោក ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជាបានផ្លាស់ប្តូរ ហើយមើលមកកម្ពុជាក្នុងរូបភាពវិជ្ជមាន។

ទំនាក់ទំនងរវាងកម្ពុជាចិន ក្នុងទំនាក់ទំនងអន្តរជាតិ និងទ្វេរភាគី ប្រៀបបីដូចជាអ្នកលេងពិន ដែលកេសមិនត្រូវខ្ទង់នាអតីតៈកាល ប៉ុន្តែបច្ចុប្បន្នទាំងអ្នកលេងពិន និងទ្របានប្រគុំរួមគ្នា ​និងអាចសរសេរនូវបទភ្លេងថ្មីមួយ ដែលរសនិយមពីរអាចបញ្ចូលគ្នាក្នុងសាច់ភ្លេងតែមួយ៕

4 COMMENTS

  1. វិភាគបានល្អនិងគ្រប់ជ្រុងជ្រោយ។ សូមកោតសរសេីរ!

  2. ខ្ញុំឆ្ងល់សរសេរតិចមានអត្ថន័យច្រើនមិនបាន អ្នកអានមិនមានពេលចំនាយអត់ប្រយោជន៍មើលទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here