ដោយ ហ្សូលី
វៀតណាមៈ សួនកម្សាន្តលំដាប់យក្សប្រចាំប្រទេសវៀតណាម តម្លៃ១០០០ពាន់លានដុល្លារ ដែលជាការបណ្តាក់ទុនរបស់ក្រុមហ៊ុនឯកជនមួយធំជាងកេក្នុងប្រទេស ត្រូវបានចាប់ដំណើរការសាងសង់ហើយ។ សួនកម្សាន្តនេះ នឹងនាំយកទម្រង់បែបកម្សាន្ត លំនៅដ្ឋាន សួនច្បារធម្មជាតិEco នៅភាគខាងជើងនៃជាយក្រុងប្រទេសវៀតណាម។
ការបណ្តាក់ទុនវិនិយោគលើគម្រោងសួនកម្សាន្តនេះ គឺជាការផ្តួចផ្តើមរបស់ក្រុមហ៊ុន VinWonders Development ដែលបានរៀបចំពិធីបុកគ្រឹះ និងបើកការដ្ឋានសាងសង់កាលពីសប្តាហ៍មុនកន្លងទៅថ្មីៗនេះ។ ជាពិសេសមានការចូលរួមពីភ្ញៀវកិត្តិយសដ៏សំខាន់គឺលោកនាយករដ្ឋមន្ត្រី ក្វាង ជុងភុក នាយករដ្ឋមន្ត្រីប្រទេសវៀតណាម។
លោក Nguyen Viet Quang នាយកក្រុមហ៊ុន Vin Group បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Vinwonders គឺជាក្រុមហ៊ុនទី៤ដែលបង្កើតនូវកន្លែងកម្សាន្តបែបនេះក្នុងប្រទេស តែជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបង្កើតនៅភាគខាងជើងប្រទេសវៀតណាម។ នៅពេលបញ្ចប់ការសាងសង់ វានឹងក្លាយទៅជាសួនកម្សាន្តធំជាងគេនៅក្នុងប្រទេស ដែលឆក់យកតំណែងពីសួនកម្សាន្តនៅលើកោះ Phu Quoc ភាគខាងត្បូងប្រទេសវៀតណាម។
សួនកម្សាន្តនេះលាតសន្ធឹងលើផ្ទៃដីទំហំ៥០ហិចតា និងមានការបោះទុនចំនួន ១០០០លានដុល្លារ រួមមាន តំបន់កម្សាន្តខាងក្នុងនិងខាងក្រៅសរុបចំនួន៦កន្លែង ដែលតម្រូវទៅតាមអាយុភ្ញៀវចូលកម្សាន្ត។ ប្រភេទនៃការកម្សាន្តមានដូចជា វិទ្យាសាស្រ្ត កីឡា ជាដើម ព្រមទាំងទោង និងឧបករណ៍ជិះកម្សាន្តជាច្រើនផ្សេងទៀតដែលនឹងតម្លើងនៅក្នុងសួននេះ។ ក្រៅពីនេះ ក៏មានសួនសត្វមួយ សួនទឹក ផ្សារទំនើបខ្នាតតូច និងកន្លែងលក់អាហារភេសជ្ជៈផងដែរ។
គម្រោងសួនកម្សាន្តនេះត្រូវបានប្រកាសតាំងពីខែមីនា ឆ្នាំ ២០១៥ មកម្ល៉េះ នៅពេលដែលអាជ្ញាធរសង្កាត់Haiphong បានស្នើសុំបន្ថែមឲ្យមានការរួមបញ្ចូលកាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយប្រាំ និងទីលានវាយកូនហ្គោល។ ដោយឡែក ទីលានវាយកូនហ្គោលបានសាង់សង់រួចជាស្ថាពរក្នុងឆ្នាំ ២០១៧ ខែមេសា៕