សភាពាណិជ្ជកម្មរាជធានី/ខេត្ត/មណ្ឌល រួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេស

0

ដោយ ៖ រ៉ាណេត

សៀមរាប ៖ សភាពាណិជ្ជកម្មរាជធានី/ខេត្ត/មណ្ឌលដែលមាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម និងបានក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគតាមរយៈការផ្តល់ឱកាសនៃកិច្ចទំនាក់ទំនងជាដៃគូរវាងបណ្តាធុរកិច្ចជន ម្ចាស់សហគ្រាស និងសហគ្រិនគ្រប់កម្រិត។

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានមានប្រសាសន៍នៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនៅថ្ងៃទី១៤ខែមករា ឆ្នាំ២០២១នេះថា ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលបានជួយសម្របសម្រួលវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្មជាមួួយនឹងការសម្រេចបានលទ្ធផលជាច្រើន។

លោកបន្តថា “អ្វីដែលពិសេស គឺបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ ដែលប្រការនេះ គឺពិតជាបានជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តឱ្យបានកាន់តែប្រសើរ និងបានចូលរួមកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ”។

លោកបានបញ្ជាក់ឱ្យដឹងថា ឆ្លៀតនៅក្នុងឱកាសនៃភាពប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងតែរាតត្បាតនៅទូទាំងពិភពលោក អាជ្ញាធរខេត្តសៀមរាបបានធ្វើការជំរុញផលិតកម្មដំណាំស្រូវ និងបន្លែនៅតាមទីតាំង និងតំបន់ដែលមានសក្តានុពល និងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងមានការជំរុញនូវផលិតកម្មសត្វ ដែលបានផលក្នុងរយៈពេល ខ្លី ដោយផ្តល់នូវពូជ ចំណី និងវ៉ាក់សាំង ព្រមទាំងបច្ចេកទេសនៃការចិញ្ចឹម ជាពិសេសបានជំរុញនូវផ្នែកវារីវប្បកម្ម ដែលឆាប់ទទួលបានផល ដោយធ្វើការគាំទ្រផ្តល់ពូជត្រី និងចំណីព្រមទាំងបច្ចេកទេសនៃការចិញ្ចឹមផងដែរ។

ជាមួយគ្នានេះ ក្រោយបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ និងកែលម្ពមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបនេះ គឺពិតជាជួយជំរុញដល់កិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត លើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ខេត្តសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ មានប្រសាសន៍ថា នៅឆ្នាំ២០១៩-២០២០ ទោះបីស្ថិតក្នុងបញ្ហាប្រឈមជាមួយនឹងជំងឹកូវីដ-១៩ក៏ដោយ ក៏សភាពាណិជ្ជកម្មខេត្ត បានចូលរួមសកម្មភាពការងារសង្គមជាមួយអាជ្ញាធរដែនដីខេត្ត ស្ថាប័នរាជរដ្ឋាភិបាល ដៃគូឯកជននានា និងអ្នកវិនិយោគទុនជាច្រើន។

លោកបន្តថាឱ្យដឹងថា ទោះស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិនាពេលនេះបានបង្ករផលប៉ះពាល់ដល់ពាណិជ្ជកម្មករមួយចំនួន ប៉ុន្តែសង្ឃឹមថាក្រោយវិបត្តិកូវីដ-១៩ នឹងបន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម បានងាយស្រួលជាងមុន បង្កើនប្រភពចំណូល ហើយសភាពាណិជ្ជកម្មខេត្តក៍នឹងខិតខំបំពេញការងារបន្ថែមទៀតតាមរយៈជួយលើកស្ទួយវិស័យឯកជនក្នុងការធ្វើទំនាក់ទំនងជាមួយក្រសួងសភាពាណិជ្ជកម្មកម្ពុេជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here