សម្តេចតេជោកំពុងពិចារណាស្នើព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

0

ដោយវុត្ថា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននឹងកំពុងពិចារណា និងសិក្សា មាត្រា ២២នៃច្បាប់រដ្ឋធម្មនុញ ក្នុងការទូលថ្វាយស្នើសុំព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈកំណើនជំងឺកូវីដ១៩ កំពុងមានការកើនឡើង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅពេលប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្នហើយ សិទ្ធិស៊ីវិលត្រូវកាត់ផ្តាច់ហើយ។ ម្យ៉ាងទៀត នេះជាវិធានការតឹងរឹង ដើម្បីការពារ កុំឲ្យប្រជាជនកម្ពុជា ឆ្លងជំងឺកូវីដ។

សម្តេចតេជោថ្លែងថា “ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព”។
សម្តេចតេជោបន្ថែមថា “មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ។

គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here