ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមនាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដើរលេងកម្សាន្តនៅក្នុងព្រះសីហនុ និង ទស្សនាអង្គរវត្តនាខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងអញ្ជើញស្វាគមន៍ដោយផ្ទាល់ចំពោះអ្នកដំណើរលើនាវា WESTERDAM នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានមានប្រសាសន៍ ថា សម្តេចបានបើកឱកាសដល់អ្នកនៅក្នុងនាវាទាំងអស់ដែលមិនទាន់បានចាកចេញពីប្រទេសកម្ពុជា អាចធ្វើដំណើរកម្សាន្តនៅក្នុងទីក្រុងព្រះសីហនុ ហើយបើមានបំណងទៅទស្សនាអង្គវត្តនៃខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ។
សម្តេចថ្លែងថា “ខ្ញុំសូមស្វាគមន៍ដល់បងប្អូនដែលមានបំណងចុះលេងខេត្តព្រះសីហនុ Welcome to Cambodia “។
សម្តេចបន្តថា មានក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ ៤ គ្រឿងដែលបានត្រៀមរៀបចំសម្រាប់ជូនទៅទីនោះ ។ បើតាមសម្តេចតេជោហ៊ុន សែនថា មានអ្នកទេសចរណ៍ប្រមាណ ១០០ នាក់ ដែលនឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃនេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកបំរើនៅតាមសណ្ឋាគារ និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើងដល់ភ្ញៀវទេសចរណ៍ទាំងនេះនោះទេ ។
នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៣ កុម្ភះ ឆ្នាំ ២០២០ ម្សិលមិញនេះ។ នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19) ។ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា គឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រំដែនឡើយ។
សម្តេចតេជោថ្លែងថា “នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ”។
សម្តេចតេជោបញ្ជាក់ទៀតថា ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ធអាមេរិកផងដែរ គឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនិងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់៕