ដោយ ៖ រ៉ាណេត
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យប្រជាកសិករ ជាពិសេសក្រសួងកសិកម្ម ពង្រឹងគុណភាព និងបង្កើនលទ្ធភាពក្នុងការធ្វើកាលានុវត្តភាពក្នុងវិស័យនេះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពនៃជំងឺឆ្លងCovid-19 នៅវិមានសន្តិភាពកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ថា នៅក្នុងកាលទេសៈនេះ វាជាឱកាសមួយសម្រាប់កម្ពុជា ធ្វើកាលានុវត្តភាពវិស័យកសិកម្ម ដោយក្រសួងកសិកម្ម ត្រូវបណ្តុះបណ្តាលជំនាញ ចំណេះដឹងក្នុងការដាំដុះ ជាពិសេសផ្តល់គ្រាប់ពូជល្អដល់ប្រជាកសិករ ដើម្បីធានាបាននូវគុណភាពនៃកសិផលមុននាំយកមកកាន់ទីផ្សារ។
សម្ដេចតេជោសង្កត់ធ្ងន់ថា “វិបត្តិនៃជំងឺ Covid-19 បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាសាកល ដែលក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយទទួលរងនូវចំណុចអវិជ្ជមានពីវិបត្តិមួយនេះផងដែរ”។ សម្តេចបន្តថា “វិស័យសំខាន់ៗដែលទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមមាន វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ”។
បច្ចុប្បន្ន ដោយសារការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង Covid-19 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិតការនាំចេញស្រូវ-អង្ករស ត្រី ជាដើម ហើយជំរុញឱ្យបង្កើនលទ្ធភាព ក្នុងការផលិតបន្ថែម ដើម្បីអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់៕