ហេដ្ឋារចនាសម្ព័ន្ធផ្លូវ១១ខ្សែ ប្រវែងជាង១៦គីឡូម៉ែត្រនៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន១១ខ្សែ ក្នុងចំណោម៣៤ខ្សែ នៅទូទាំងខេត្តព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានស្ថាបនាជាផ្លូវការហើយ ដើម្បីពន្លឿន ឱ្យចប់ទៅតាមផែនការដូចដែលបានគ្រោងទុក។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សំខាន់ៗចំនួន១១ខ្សែ ដែលមានប្រវែងសរុបជាង ១៦,៣៧៤គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមវត្តមានរបស់លោក សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ឋ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែនេះមានប្រវែងសរុបជាង១៦គីឡូម៉ែត្រ ដែលក្នុងនោះ រួមមានការពង្រីកកំណាត់ផ្លូវ កំណាត់ផ្លូវជាតិលេខ៤ ពី២គន្លង ទៅ ៦គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦,៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន១០ខ្សែ ប្រវែងសរុប៩ ៦៧៤ គីឡូម៉ែត្រផងដែរ។

រដ្ឋលេខាធិការ លោក សួង ហេង បានមានប្រសាសន៍ថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងមានចក្ខុវិស័យមុតស្រួច និងវែងឆ្ងាយក្នុងការប្រែក្លាយខេត្តភាគនិរតី ដែលមានសក្ដានុពលមួយនេះ ឱ្យក្លាយទៅជាទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្នុងពេលដ៏ខ្លីខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here