ដោយ ៖ វុត្ថា
ភ្នំពេញ៖ មកដល់ពេលនេះ ការសាងសង់សំណង់អាគារទីស្ដីការក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មី ដែលស្ថិតនៅផ្លូវឯកឧត្តម ជា សុផារ៉ា ខណ្ឌឫស្សីកែវ ត្រូវបានសម្រេចជាង៩៥ភាគរយហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ពេលនេះ អគារទីស្ដីការថ្មីសម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥ភាគរយហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា៖ ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួនបង្កើនសោភ័ណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។
លោកបានបញ្ជាក់ថា “គណៈកម្មការទទួលបន្ទុកការងារសាងសង់ ត្រូវធ្វើការកែសម្រួលចំណុចខ្វះខាតមួយចំនួននៅខាងក្រៅ ក៏ដូចជាផ្ទៃខាងក្នុងអគារ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់សោភ័ណភាពអគារឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាសម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការប្រកបដោយផាសុកភាព ហើយអគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។
អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ផ្លូវឯកឧត្តមជា សុផារ៉ា) ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ៕