ដោយវុត្ថា
ភ្នំពេញ៖ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ដែលរួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលជាច្រកទ្វារអន្តរជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តររជាតិ។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិលមានប្រសាសន៍បែបនេះ នៅក្នុងពិធីធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្តីពី “សន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ដើម្បីជួយសង្គ្រោះបន្ទាន់ពេលមានឧបទ្ទវហេតុធ្លាក់យន្តហោះនៅក្នុង និងក្បែរអាកាសយានដ្ឋានអន្តរជាតិនៃកម្ពុជា។
លោកបន្តថា អាកាសយានដ្ឋានទាំងបីនេះ បានធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានដើរតួនាទីយបងសំខាន់ការរួមចំណែកដល់ការអភិវឌ្ឍនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានទទួលនូវជ័យលាភីជាអាកាសយានដ្ឋានល្អបំផុតទាក់ទងនឹងកំណើនអ្នកដំណើរប្រកបដោយធីរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០១៥។
លោកបន្ថែមថា ស្របតាមស្មារតីនៃលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាអាទិ៍ច្បាប់ស្តីពីសន្តិសុខអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ បទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងសន្តិសុខនឹងសុវត្ថិភាពនៅតាមអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ០៣ សរណន ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១១ស្តីពីការគ្រប់គ្រងគ្រោះអាសន្ននៅក្នុងនិងក្បែរអាកាសយានដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យមានការធ្វើលំហាត់សមយុទ្ធជាប្រចាំ ក្នុងគោលបំណងធានាសន្តិសុខនិងសុវត្ថិភាពនៃប្រតិបត្តិការអាកាសចរស៊ីវិល សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពជូនអ្នកដំណើរជាតិនិងអន្តរជាតិ ពិសេសដើម្បីបង្ការនិងត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះអាសន្ននានាដែលអាចកើតមានជាយថាហេតុនៅក្នុងនិងនៅក្បែរអាកាសយានដ្ឋាន សំដៅកាត់បន្ថយផលប៉ះពាល់លើអាយុជីវិតមនុស្សអ្នកដំណើរឋបណីយភណ្ឌអាកាសយានដ្ឋាន និងប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបញ្ជាក់ថាទៀតថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំរបស់អាកាសចរស៊ីវិល ត្រូវបានកំណត់ឱ្យធ្វើនៅក្នុងនិងជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិ និងត្រូវអនុវត្តជាទៀងទាត់រៀងរាល់២ឆ្នាំម្តងចំពោះសមយុទ្ធទ្រង់ទ្រាយធំ១ឆ្នាំម្តងសម្រាប់លំហាត់សមយុទ្ធតាមផ្នែក និង៦ខែម្តងសម្រាប់លំហាត់សមយុទ្ធដែលបង្ហាញលើតុ។
លំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដែលប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅឆ្នាំ២០២០នេះ គឺជាលើកទីមួយដែលផ្តោតលើប្រធានបទ “សន្តិសុខ” ដែលបណ្តាឆ្នាំកន្លងមកការធ្វើលំហាត់សមយុទ្ធបានផ្តោតតែលើប្រធានបទស្តីពី “សុវត្ថិភាព ក្នុងវិស័យអាកាសចរស៊ីវិលប៉ុណ្ណោះ។
លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីវាយតម្លៃលើផែនការគ្រប់គ្រងគ្រោះអាសន្នត្រួតពិនិត្យទៅលើហេដ្ឋារចនាសម្ព័ន្ធនៅបន្ទប់គ្រប់គ្រងគ្រោះអាសន្ន ក៏ដូចជាត្រួតពិនិត្យលើក្រុមការងារគ្រប់គ្រងពេលមានអាសន្នកើតឡើងជាអាទីការដឹកនាំបញ្ជាចាត់ចែង និងការសម្រេចចិត្តក្នុងការជួយសង្គ្រោះជនរងគ្រោះដែលកើតចេញពីឧបទ្ទវហេតុនានាដែលកើតនៅក្នុងនិងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ។ ទន្ទឹមនឹងនេះ ការធ្វើលំហាត់សមយុទ្ធនេះក៏ជាការវាយតម្លៃលើប្រព័ន្ធផ្សព្វផ្សាយជូនសាធារណជនជាតិនិងអន្តរជាតិផងដែរ។
លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ រួមមាន១២ព្រឹត្តិការណ៍សេណារីយ៉ូ(Scenario) និងមានការចូលរួមពីសំណាក់អង្គភាពអន្តរាគមន៍មកពីខាងក្រៅ រួមមានដូចជា កងពលតូច ង៧០- កងកម្មង់ដូ ៩១១កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងទ័ពអាកាស ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចនឹងបុគ្គលិកភ្នាក់ងារឯកជនដែលកំពុងបម្រើការក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ៕