អ្នកជំនាញអចលនទ្រព្យហុងកុងប្រាប់ពីគន្លឹះដែលអាចធ្វើឱ្យវិស័យជួលអចលនវត្ថុនៅតែមានចរន្ត

0

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យជួលអចលនវត្ថុដូចជា ការិយាល័យ ខុនដូ អាផាតមិន និងលំនៅដ្ឋាន ហាក់មានសភាពស្ងប់ស្ងាត់មិនថា នៅប្រទេសកម្ពុជា ឬតំបន់អាស៊ាននោះទេ កំពុងជួបប្រទះនឹងភាពជាប់គាំងដោយសារវិបត្តិជំងឺ Covid-19។ ហេតុនេះហើយទើបអ្នកជំនាញអចលនទ្រព្យនៅប្រទេសហុងកុងប្រាប់ពីវិធីសាស្រ្តដែលជួយឱ្យក្រុមហ៊ុនឬម្ចាស់អចលនវត្ថុនៅតែមានចរន្តជួលដូចធម្មតា។

ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Tai Hung Fai លោក Edwin Leong Siu-hung ដែលជាមហាសេដ្ឋីលំដាប់ទី ១៩ លើពិភពលោក បានថ្លែងប្រាប់នៅក្នុងកិច្ចសម្ភាសអន្តរជាតិ កាលពីថ្ងៃទី ០៨ មេសា ឆ្នាំ ២០២០នេះថា វិស័យជួលអចលនវត្ថុដូចជា ការិយាល័យ អគារ និងអចលនវត្ថុផ្សេងៗទៀតកំពុងជាប់គាំង ព្រោះរយៈពេលប៉ុន្មានខែចុងក្រោយនេះ គ្មាននរណាមានទឹកចិត្តចង់បើកជំនួញនោះទេ ដោយសារតែតម្លៃជួលអចលនវត្ថុនៅតែខ្ពស់។

លោកបន្តថា នៅក្នុងស្ថានភាពដើម្បីឱ្យមានផ្លូវរស់ទាំងអស់គ្នា ម្ចាស់អចលនវត្ថុគប្បីយោគយល់ដល់អ្នកជួល ដោយប្រើប្រាស់វិធីសាស្ត្រធ្វើឱ្យចរន្តសាច់ប្រាក់នៅតែចូលក្នុងហោប៉ៅបានដូចជា ម្ចាស់អចលនវត្ថុគួរតែបញ្ចុះតម្លៃចន្លោះពី ២០% ទៅ ៥០% ទៅតាមទីតាំងនិងទំហំអចលនវត្ថុនោះ។ មួយទៀតនោះ ដើម្បីទាក់ទាញឱ្យអ្នកជួលព្រមចុះកុងត្រាថ្មី ម្ចាស់អចលនវត្ថុអាចស្នើលក្ខខណ្ឌពិសេសដូចជា បន្ថែមរយៈពេលជួលដោយមិនគិតថ្លៃចាប់ពី ១ ខែទៅ ៣ ខែ ប៉ុន្តែរក្សាតម្លៃនៅដដែលឬក៏បញ្ចុះតម្លៃក្នុងចំនួនតិច។

មហាសេដ្ឋីរូបនេះបញ្ជាក់ថា នេះជាការជួយដល់អ្នកជួលឱ្យមានដង្ហើមនៅក្នុងបង្វិលសាច់ប្រាក់ ព្រោះពួកគេអាចមានឱកាសនៅក្នុងការរកលុយសម្រាប់ជីវភាពរស់នៅផ្ទាល់ខ្លួនផង និងផ្គត់ផ្គង់តម្លៃជួលផង។ ប្រសិនបើអ្នកជួលមិនមានទំនុកចិត្តដែលអាចផ្គត់ផ្គង់តម្លៃជួលផងនោះ គឺស្ថានការណ៍នឹងពិបាកទាំងអស់គ្នា។

«ទោះបីជាម្ចាស់អចលនវត្ថុគិតថា មិនខ្វះទេអ្នកជួលនិងមិនលើកលែងតម្លៃផងនោះ ច្បាស់ណាស់ទោះបីជារង់ចាំដល់ចុងឆ្នាំ ២០២០ ក៏គ្មាននរណាម្នាក់ហ៊ានមកជួលដែរ» លោក Edwin Leong Siu-hung ពន្យល់។

ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ លោក Stewart Leung Chi-kin បានមានប្រសាសន៍ថា ទោះយ៉ាងណាកិច្ចសន្យាបន្តមិនអាចដំណើរការបានទេពីព្រោះអ្នកជួលខ្លះអាចនឹងពិបាកបង់ថ្លៃសេវាគ្រប់គ្រង វិក័យប័ត្រ និងប្រាក់ឈ្នួល ព្រោះអាជីវកម្មកំពុងប្រឈមហានិភ័យ។

លោកបន្តថា ការអនុវត្តជាធម្មតាគឺត្រូវពិនិត្យមើលកិច្ចសន្យាជួលដែលមានស្រាប់ហើយចរចាម្តងទៀត បន្ទាប់ពីបីខែដើម្បីពិនិត្យមើលថាតើស្ថានភាពនោះយ៉ាងដូចម្តេច។ អ្នកអភិវឌ្ឍន៍នីមួយៗស្ថិតនៅក្នុងស្ថានភាពខុសគ្នា ប៉ុន្តែធ្វើយ៉ាងណាស្វែងរកដំណោះស្រាយនិងត្រូវជំនះពេលលំបាកទាំងនេះជាមួយគ្នា៕

(South China Morning Post)

LEAVE A REPLY

Please enter your comment!
Please enter your name here