ដោយ វុត្ថា
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញថា បើទោះបីកម្ពុជាប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចសកល រហូតមកដល់ពេលនេះក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍អលចនទ្រព្យធំៗ នៅក្នុងប្រទេសកម្ពុជា នៅតែបន្តសកម្មភាពសាងសង់ដដែល។
លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងមកនេះថា សម្រាប់គម្រោងអភិវឌ្ឍន៍អលចនទ្រព្យធំៗ ដូចជាគម្រោងខុនដូ ផ្សារទំនើប និងអគារការិយាល័យជាដើម នៅតែបន្តសកម្មភាពសាងសង់ ព្រោះគម្រោងទាំងនេះមានទុនគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍គម្រោងរបស់គេ។
លោកបន្តថា “ជាធម្មតាគម្រោងអភិវឌ្ឍន៍ធំៗទាំងអស់ គេមានទុនគ្រប់គ្រាន់ បើទោះបីគេមិនទិញក៏ដោយ ក៏គេនៅតែបន្តសាងសង់ដែរជាមួយ នឹងភាពជឿជាក់លើរាជរ ដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យមានការរីកចំរើន” ។ លោកបន្ថែមថា “ជាមួយគ្នានេះ មុននឹងសម្រេចឱ្យមានការសាងសង់ ឬ អភិវឌ្ឍន៍គម្រោងអ្វីមួយនោះ រដ្ឋាភិបាលបានពិនិត្យយ៉ាងល្អិតល្អន់ ទៅលើប្រភពទុនរបស់ម្ចាស់គម្រោងអភវឌ្ឍន៍ និងជាក្រុមហ៊ុនសាងសង់ និងចុះបញ្ជីច្បាស់លាស់ណាស់ មិនមែនចេះតែអនុវញ្ញាតឱ្យសាងសង់នោះទេ” ។
លោកឃាង ពុទ្ធី បានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងបន្តបញ្ចប់បផែនការនៃសាងសង់របស់ខ្លួន តាមរយៈការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធក្នុងការសម្រប់សម្រួលឱ្យក្រុមហ៊ុនរស់។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងសាងសង់សំណង់ និងលំនៅឋានផ្សេងៗនៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានសកម្មភាព ស្របពេលដែលកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិនាពេលនេះ។
សម្តេចតេជោបន្តថា “ការមិនផ្អាកសកម្មភាពសាងសង់ របស់ក្រមហ៊ុនសំណង់នេះ បានផ្តល់ឱកាសការងារ និងចំណូលយ៉ាងច្រើនដល់កម្មករ កម្មការិនី នៅក្នុងវិស័យនេះ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃ និងជួយសម្រួលដល់ការលំបាក របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ” ៕