អ្នកជំនាញ​សេដ្ឋកិច្ច៖ វិស័យ​ចំនួន៣ដើរតួ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កើន​ឡើងវិញក្នុងស្ថានភាព Covid-19

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​អះអាងថា ទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​សាកល​ក៏ដោយ ប៉ុន្តែ​កម្ពុជា អាចធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រ​ឡើងវិញ ដោយ​ការធ្វើ​ពិធី​កម្មវិស័យសំខាន់ៗចំនួន៣ ដើម្បី​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ចកម្ពុជា​ក្នុងអំឡុង​ពេលនេះ។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​រង​នូវ​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ Covid-19 អាច​នឹង​ប្រែក្លាយ​ល្អប្រសើរ​ឡើងវិញ ប្រសិនបើ​កម្ពុជា ធ្វើ​ពិពិធ​កម្ម​នូវ​វិស័យសំខាន់ៗចំនួន៣ ឡើងវិញ រួមមាន វិស័យ​ទេសចរណ៍​ក្នុងស្រុក វិស័យ​កសិកម្ម និង​ជំរុញ​វិស័យ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម (SMEs) ។

លោក​បាន​បញ្ជាក់ថា “សេដ្ឋកិច្ចកម្ពុជា​អាច​ងើបឡើង​វិញ​បាន គឺ​ទី១ យើង​ត្រូវ​ស្តារ​ទេសចរណ៍​ក្នុងស្រុក ទី២ យើង​ត្រូវ​កែច្នៃ​កសិកម្ម​របស់​យើង ទៅជា​កសិកម្ម​កម្រិត​ខ្ពស់ ដែល​អាចធ្វើ​ការកែច្នៃ និង​នាំ​ចេញទៅ​ក្រៅប្រទេស​បាន និង​ទី៣ កាត់បន្ថយ​ថ្លៃដើម​លើក​ការដឹកជញ្ជូន និង​យកចិត្តទុកដាក់ ទៅលើ​ឧស្សាហកម្ម​ខ្នាតតូច (SMEs)” ។

លោក​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​ជាង១១លាន​នាក់ គឺជា​កូនសោរ​យ៉ាងសំខាន់ ប្រៀបបាន​ទៅនឹង​គន្លឹះ​មួយ ក្នុងការ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច។ ដោយឡែក​ចំពោះ​វិស័យ​កសិកម្ម​វិញ កម្ពុជា​ត្រូវតែ​ប្តូរ​យុទ្ធសាស្ត្រ​ផលិត នូវ​ផលិតផល​សិរី​រា​ង្គ ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ខុសពី​ប្រទេស​នានា ហើយ​ត្រូវ​រៀបចំ​ចងក្រង​ជា​សហគមន៍​កសិកម្ម និង​ការពង្រឹង​ទីផ្សារ​កសិផល រួម​ជាមួយនឹង​ការកែច្នៃ​វេច​ខ្ចប់​ដើម្បី​ជំរុញ​ធ្វើ​ការនាំ​ចេញទៅ​ក្រៅ​ស្រុក។

ជាមួយគ្នានេះ ចំពោះ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែល​ផ្តល់​កម្លាំង​ពលកម្ម​ប្រមាណ​ជាង៧០ភាគរយ ក្នុង​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​កម្ពុជា​កំពុងមាន​ចំណុច​ខ្វះខាត​ច្រើន ដែល​ត្រូវមាន​ការកែលម្អ និង​ដោះស្រាយ ទាំង​បញ្ហា​បច្ចេកទេស បច្ចេកវិទ្យា និង​កម្លាំង​ជំនាញ ដើម្បី​បង្កើន​គុណភាព ផលិតភាព​គ្រប់គ្រាន់​សម្រាប់​ការប្រកួតប្រជែង ។

សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើន​ផលិតភាព​ក្នុង​ផ្នែក​កសិកម្ម បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជំនាញ​ជប៉ុន​ជាច្រើន បាននិងកំពុង​បង្ហាញ​ពី​គោលបំណង​សហការ​ជា​ដៃគូ ក្នុងការ​វិនិយោគ​ចាប់ពី​ចំណុច​ដាំ​ដុះ ការកែច្នៃ និង​ការ​វេច​ខ្ចប់​កម្រិតស្តង់ដារ សម្រាប់ធ្វើ​ការនាំ​ចេញទៅ​ផ្គត់ផ្គង់ នៅលើ​ទីផ្សារ​ក្រៅ​ស្រុក​ផងដែរ។

ប្រធាន​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម លោក​កៅ ថាច បានឱ្យដឹងថា នៅក្នុង​គោលនយោបាយ​ជួយ​ជ្រោមជ្រែង និង​ទ្រទ្រង់​លើ​កា​ធ្វើ​ពិពិធ​កម្ម វិស័យ​កសិកម្ម​ក្រោម​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មកទល់ពេលនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានទទួល​ពាក្យសុំ​ខ្ចី​របស់​ក្រុម​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង៣០លាន​ដុល្លារ ប៉ុន្តែ​ធនាគារ​បានអនុម័ត​ផ្តល់ប្រាក់​កម្ចី ជូន​អតិថិជន​បានតែ​ជិត១០លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក​បន្តថា “ធនាគារ​បាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​កសិកម្ម​អាទិភាព៤ចំនួន​ប្រភេទ​ដូចជា​ការដាំដុះ​បន្លែ ផ្លែឈើ ការចិញ្ចឹម​សត្វ ការធ្វើ​វារីវប្បកម្ម ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម” ។

ដោយឡែក​សំណើ​ដែល​នៅសល់ ក្រុមមន្ត្រី​ជំនាញ​របស់​ធនាគារ​កំ​ពុង​តែ​សិក្សា​លម្អិត​ទៅលើ​តម្រូវការ​ជាក់ស្ដែង ផលប៉ះពាល់ និង​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​កម្ចី​ប្រកបដោយ​ប្រសិទ្ធ​ភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here