ដោយ ៖ រ៉ាណេត
កំពត ៖ ក្រុមធុរកិច្ចចិនជាច្រើននាក់បានចុះមកធ្វើការសិក្សាលម្អិតពីសក្ដានុពលខេត្តកំពត ដើម្បីរៀបចំគម្រោងចុះមកវិនិយោគជាច្រើនវិស័យ ដែលក្នុងនោះរួមមានដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម ។
ក្រុមអ្នកវិនិយោគជនជាតិចិនមួយក្រុមក្រោមការដឹកនាំដោយលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមដំណើរនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលជួបពិភាក្សាការងារជាមួយលោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីសិក្សាលម្អិតទៅលើគម្រោងវិនិយោគមួយចំនួនដែលស្របទៅនឹងសក្ដានុពលរបស់ខេត្តកំពត។
អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ថា ខេត្តកំពតមានសក្ដានុពលជាច្រើន ទាំងកត្តាភូមិសាស្ត្រ ក៏ដូចជាកត្តាធម្មជាតិ ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តទទួលបានគម្រោងវិនិយោគជាច្រើនដែលក្នុងនោះរួមមានដូចជាការវិនិយោគទៅលើវិស័យទេសចរណ៍ ការអភិវឌ្ឍន៍បុរីសំណង់លំនៅដ្ឋាន ការបង្កើតរោងចក្រស៊ីម៉ង់ត៍ រួមជាមួយនឹងវិស័យឧស្សាហកម្ម និងកសិកម្មជាច្រើនទៀត។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីកិច្ចស្វាគមន៍ចំពោះវត្តមានថ្មីនៃគម្រោងវិនិយោគរបស់បណ្តាធុរកិច្ចចិនមកកាន់ទឹកខេត្តកំពត។
តំណាងក្រុមធុរកិច្ចចិនបានបង្ហាញពីការអរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តស្មោះក្នុងនាមជាមហាមិត្ត កម្ពុជា – ចិន ហើយបណ្តាធុរកិច្ចចិនទាំងអស់ ពិតជាមានមោទនភាពដែលបានមកកាន់កម្ពុជា ហើយនឹងបន្តផ្សព្វផ្សាយ និងជម្រុញអ្នកវិនិយោគចិនជាច្រើនទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពតឱ្យដូចគ្នាទៅនឹងខេត្តកំពង់សោម ដែលជាខេត្តមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសរបស់កម្ពុជាផងដែរ៕