ដោយៈ រ៉ាណេត
ភ្នំពេញៈ ទីផ្សារខុននៅកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងមានភាពរីកចម្រើន និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដោយក្នុងនោះទាំងអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ ក៏ដូចជាភ្នាក់ងារលក់ កំពុងតែមានភាពមមាញឹកនៅក្នុងទីផ្សារមួយនេះ។
អ្នកស្រី កែវ សុចិន្តា នាយិកាក្រុមហ៊ុនReachny Property Co., Ltd បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា ទីផ្សារខុនដូនៅពេលបច្ចុប្បន្នកំពុងតែមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ខណៈដែលនៅក្នុងទីក្រុងកាន់តែមានការអភិវឌ្ឍ កំណើនមនុស្សកាន់តែច្រើន ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ តម្រូវឱ្យចំណាយពេលវេលាយូរ ក្នុងការធ្វើដំណើរដែលអាចប៉ះពាល់ដល់ដំណើរការអាជីវកម្ម ក៏ដូចជាការបំពេញការងារជាដើម។
អ្នកស្រីបានបន្តថា “ដោយសារតែខុនដូត្រូវបានគេអភិវឌ្ឍនៅក្នុងក្រុង ហើយដើម្បីជៀសពីបញ្ហាដូចបានលើកឡើងខាងលើនេះ ការស្នាក់នៅក្នុងខុនដូគឺជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នាដែលប្រកបការងារ និងអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះនៅកម្ពុជា ហើយវាក៏ជាការផ្លាស់ប្ដូរនូវបែបផែន នៃជីវិតរស់នៅប្រចាំថ្ងៃបែបទាន់សម័យ និងស៊ីវិល័យផងដែរ”។
អ្នកស្រីបន្តថា ពីមុនយើងគិតថា ការវិនិយោគ និងអភិវឌ្ឍផ្នែកខុនដូ គឺមានតែអ្នកមកពីក្រៅស្រុកតែប៉ុណ្ណោះ ប៉ុន្តែពេលនេះនិន្នាការបានប្រែប្រួល ដោយសារតែប្រជាជនខ្មែរ ចាប់ផ្តើមមានការស្វែងយល់ច្បាស់ពីអត្ថប្រយោជន៍របស់ខុនដូ ដែលកាន់តែពង្រីកទីផ្សារមួយនេះ ឱ្យមានភាពទូលាយជាងមុន។
ជាក់ស្ដែងអតិថិជនដែលទិញខុនដូ នាពេលបច្ចុប្បន្នភាគច្រើនគឺជាជនជាតិខ្មែរ មិនមែនជាជនបរទេសដូចមុននោះទេ។
អ្នកស្រីកែវ សុចិន្តា បានបន្តថា “ការរស់នៅក្នុងខុនដូមានភាពខុសប្លែក ពីការរស់នៅក្នុងផ្ទះល្វែង វីឡា ដោយសារតែនៅក្នុងខុនដូមានអ្វីៗជាច្រើន ដែលជាតម្រូវការប្រចាំថ្ងៃ ទាំងកន្លែងហាត់ប្រាណ កន្លែងលក់ទំនិញបែបទំនើប មណ្ឌលកម្សាន្ត អាហារដ្ឋាន ក៏ដូចជាសេវាកម្មផ្សេងៗជាច្រើនទៀត ហើយអ្វីដែលរឹតតែសំខាន់នោះ គឺផាសុកភាព សុវត្ថិភាព នឹងស្ថិតនៅកណ្តាលក្រុង”។
អ្នកស្រីបានលើកឡើងថា ពេលនេះប្រជាពលរដ្ឋខ្មែរគួរតែវិនិយោគ ឬស្នាក់នៅក្នុងខុនដូ ដោយសារតែកត្តាចំណូលមានការកើនឡើង ពោលគឺសម្រាប់អ្នកដែលមានចំណូលមធ្យមត្រឹម១០០០ដុល្លារ ក្នុងមួយខែគឺអាចមានលទ្ធភាព រស់នៅក្នុងខុនដូកណ្តាលក្រុងបាន ខណៈដែលកម្រិតនៃចំណូលនេះ មិនអាចទិញដីក្នុងក្រុងសាងសង់ផ្ទះបាននោះទេ។
អ្នកស្រីកែវ សុចិន្តាបានពន្យល់ថា កត្តាសំខាន់មួយទៀតស្ថិតនៅក្នុងបរិបថនេះ រាល់អ្នកទិញគម្រោងខុនដូ គឺសុទ្ធតែទទួលបាននូវឱកាសចំណេញច្រើន មិនថាចំពោះអ្នកទិញ សម្រាប់តម្រូវការស្នាក់នៅផ្ទាល់ មិនថាចំពោះអ្នកទិញទុក សម្រាប់វិនិយោគយកចំណេញ តាមរយៈការជួល ឬលក់បន្តនោះទេ ព្រោះពេលនេះស្ទើរតែគ្រប់គម្រោងទាំងអស់ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍លើកទឹកចិត្តអថិជន និងជំរុញការលក់ឱ្យបានខ្ពស់ ព្រោះតែអ្នកអភិវឌ្ឍន៍ភាគច្រើនជួបវិបត្តិហិរញ្ញវត្ថុ ដូច្នេះការទិញខុនដូនៅពេលនេះ វាគឺជាឱកាសដ៏ល្អបំផុត ដែលវានឹងកើនឡើងនូវតម្លៃបន្ថែមទៀតនៅឆ្នាំបន្ទាប់ ឬក្រោយពេលវិបត្តិសេដ្ឋកិច្ចត្រូវបានបញ្ចប់ជាស្ថាពរ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living solutionបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនចន្លោះ៤,៥ទៅ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ ដែលនឹងធ្វើឲ្យនិន្នាការសង្គម និងការរស់នៅផ្លាស់ប្តូរសម្រាប់បែបផែនជីវិត គឺពេលនោះប្រជាជនកម្ពុជានឹងរស់នៅខុនដូកាន់តែច្រើន ដោយសារហេតុផលសំខាន់ៗចំនួនបួន ទី១ ការកកស្ទះចរាចរណ៍ ពិបាកធ្វើដំណើរ ទី២ តម្លៃអចលនទ្រព្យដីធ្លី ផ្ទះសម្បែងឡើងថ្លៃខ្ពស់ខ្លាំងនៅក្នុងទីក្រុង ដែលធ្វើឲ្យប្រជាជនមិនមានលទ្ឋភាពទិញផ្ទះបាន ប៉ុន្តែពួកគេអាចទិញខុនដូបាន ដែលនៅជិតកន្លែងធ្វើការរស់ពួកគេ។
ទី៣ ខុនដូបានផ្តល់នូវការរស់នៅប្រកបដោយផាសុខភាព ទាំងសន្តិសុខ អនាម័យ និងសេវាកម្មអាងហែលទឹក ក្លឹបហាត់ប្រាណ ទី៤ គុណភាពជីវិតនឹងកាន់តែមានភាពប្រសើរឡើង ដោយសារការរីកចម្រើនបច្ចេកវិទ្យា ដែលអ្នកស្នាក់នៅខុនដូអាចកុំម៉ង់ម្ហូបអាហារទទួលទានបាន ដោយមិនចាំបាច់ចំអិនខ្លួនឯង៕