សម្តេចតេជោ៖ ការលើកលែងពន្ធអចលនទ្រព្យនានាជំរុញការលក់ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក

0

ដោយ៖ សុផារី

អាមេរិក៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានថ្លែងថា ទីផ្សារអចលនទ្រព្យ ដែលមានតម្លៃតិចជាង៧ម៉ឺន បានលក់ដាច់ជាងអចលនទ្រព្យដែលមានតម្លៃថ្លៃជាងនេះ ដោយសារតែការអនុគ្រោះពន្ធពីរដ្ឋាភិបាល ចំពោះអចលនទ្រព្យ ដែលមានតម្លៃតិចជាង៧ម៉ឺន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្តេចបានថ្លែងថា “បញ្ហាសេដ្ឋកិច្ចសង្គមជាបញ្ហាប្រឈម ដែលយើងត្រូវចូលរួមដោះស្រាយ ដោយរៀបចំវិធានការជាច្រើន ដើម្បីឱ្យដំណើរការសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាព ការរៀនរស់នៅជាមួយកូវីដ១៩ ហើយក៏ត្រៀមវិធានការជាច្រើន ដើម្បីឆ្លើយតបជាមួយដំណាក់កាល ក្រោយកូវីដ១៩ ដែលធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាជនកើនឡើងបន្ទិចវិញ”។

សម្តេចបានថ្លែងបន្តថា “ជាមួយនឹងទីផ្សារអចលនទ្រព្យ ពិតមែនហើយអចលនទ្រព្យ ដែលមានតម្លៃខ្ពស់ ដូចជាផ្ទះមួយ ដែលមានតម្លៃ២០ម៉ឺន ៣០ម៉ឺន ៥០ម៉ឺន ១លាន លក់មិនសូវជាដាច់ប៉ុន្មានទេ”។

សម្តេចតេជោបន្ថែមថា “ខ្ញុំបានសាកសួរអ្នក ដែលធ្វើផ្ទះលក់ នៅស្រុកអាមេរិក ផ្ទះខ្លះថោកជាងនៅស្រុកខ្មែរទេ។ ស្រុកខ្មែរ មានផ្ទះ១លាន ២លាន ប៉ុន្តែឥលូវនេះ អ្នកដែលលក់ដាច់ គឺអ្នកដែលលក់ក្រោម៧ម៉ឺន។ មូលហេតុអ្វី? អ្នក ដែលទិញផ្ទះថ្លៃក្រោម៧ម៉ឺន គឺរាជរដ្ឋាភិបាលមិនយកពន្ធ”។

ក្នុងន័យនេះ សម្តេចបានថ្លែងថា “រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឱ្យមានការសាងសង់ផ្ទះ ដែលមានតម្លៃថោក ដើម្បីឱ្យវណ្ណៈកណ្ដាល ឬអ្នកមានប្រាក់តូចតាច អាចទិញផ្ទះនៅបាន ខ្លះត្រឹមតែ២ ម៉ឺន ៣ ម៉ឺន ខ្លះ៤ ម៉ឺន យើងអត់យកពន្ធ។ អ្នក ដែលសាងសង់តម្លៃ៧ម៉ឺនឡើងលើ លក់មិនសូវដាច់មែន តែវាទៅដាច់៧ម៉ឺនចុះក្រោម។ វាជាការប៉ះប៉ូវ”។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីខែមេសាកន្លងមក បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា ចំពោះអចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារ បន្ថែម១ឆ្នាំទៀត ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here