ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សកម្មភាព នៃអាជីវកម្មនៅតាមបណ្ដោយផ្លូវឈ្នះ ឈ្នះ ឬហៅថាផ្លូវកប់ស្រូវ កាន់តែមានភាពមមាញឹកបន្តិចម្ដងៗ និងរំពឹងថានឹងកាន់តែមានភាពមមាញឹកបន្ថែមទៀត នៅពេលអនាគតស្របពេលកំណើនលំនៅឋាននៅតាមបណ្ដោយផ្លូវនេះ ក៏កាន់តែមានកំណើនច្រើនឡើងៗជាបន្តបន្ទាប់ផងដែរ។
ជាការកត់សម្គាល់អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន បានកំពុងអភិវឌ្ឍន៍គម្រោងលំនៅឋានរបស់ខ្លួន រាប់តាំងពីលំនៅឋានតម្លៃសមរម្យរហូតដល់លំនៅឋានតម្លៃខ្ពស់ៗ ខ្ទង់លានដុល្លារអាមេរិកក្នុងមួយខ្នង។ ដូច្នេះវាអាចបញ្ជាក់ថាតំបន់នេះ នឹងកាន់តែមានភាពមមាញឹក ទៅលើសកម្មភាពអាជីវកម្មនៅពេលអនាគតខាងមុខនេះ ហើយនឹងធ្វើឱ្យតំបន់តាមបណ្ដោយផ្លូវនេះ កាន់តែមានភាពទាក់ទាញកាន់តែខ្លាំងឡើង ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា វីថីឈ្នះ ឈ្នះបាននិងកំពុងកែប្រែមុខមាត់បន្តិចម្ដងៗនិងធ្វើឱ្យតម្លៃដីធ្លីនៅតាមតំបន់នោះ មានការទាក់ទាញនិងហាងឆេងល្អប្រសើរ ។ អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន បានចូលទៅកាន់តំបន់នោះនិងធ្វើសកម្មភាពអភិវឌ្ឍន៍ គម្រោងលំនៅឋានរបស់ខ្លួន ជាបន្តបន្ទាន់និងកាន់តែច្រើនគម្រោង ។
លោកបន្តថា តម្លៃដីធ្លីនៅបណ្ដោយផ្លូវនេះ ក៏ឃើញថាមានភាពល្អប្រសើរ និងកំពុងបន្តកើនឡើងបន្ថែមទៀតដែរ ស្របពេលផ្លូវក្រវ៉ាត់ក្រុងទី៣ក៏បាននិងកំពុងសាងសង់ជិតរួច ដែលផ្លូវនេះដែរក៏បានតភ្ជាប់ ទៅកាន់មហាវិថីឈ្នះ ឈ្នះ និងភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗជុំវិញក្រុងភ្នំពេញ ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW khmer Real Estate បានថ្លែងផងដែរថា មហាវិថីឈ្នះឈ្នះនឹងក្លាយជាតំបន់ដែលមមាញឹកមួយ ជាពិសេសតំបន់នៅប៉ែកខាងជើងរាជធានីភ្នំពេញ ដែលតំបន់នេះ បាននិងកំពុងមានការទាក់ទាញអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់ ហើយក៏ឃើញថាមានការចាប់អារម្មណ៍ ពីប្រជាពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់ៗផងដែរ។
លោកឧកញ៉ាបានបន្តថា តំបន់ប៉ែកខាងជើង និងមហាវិថីឈ្នះ ឈ្នះមានកត្តាច្រើន ដែលទាក់ទាញមនុស្សទៅរស់នៅតំបន់នោះ កាន់តែច្រើនបន្ថែមរួមមានវិមានឈ្នះឈ្នះ ពហុកីឡដ្ឋានជាតិមរតកតេជោ និងគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនទៀតផងដែរ៕