ក្រុមហ៊ុនអូទ្រីសចាប់អារម្មណ៍សិក្សាវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿននិងផ្លូវដែក នៅកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្មអូទ្រីសធំមួយ បានបង្ហាញចំណាប់អារម្មណ៍ ចូលមកសិក្សាវិនិយោគលើវិស័យសំខាន់ៗ ចំនួន​បច្ចេកវិទ្យា និង ការសាងសង់ផ្លូវល្បឿនលឿន និងផ្លូវដែក នៅក្នុងប្រទេសកម្ពុជា។

លោក Gunther Sucher ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតអូទ្រីសប្រចាំទីក្រុងបាងកក ប្រទេសថៃ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម ATC Austrian Corporation GmBH តំណាងឱ្យក្រុមហ៊ុនធំៗចំនួនបី គឺ ក្រុមហ៊ុនទី១ ផ្តោតជំនាញលើផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុនទី២ ផ្តោតលើដំណោះស្រាយផ្នែកបច្ចេកវិទ្យា សម្រាប់ការដឹកជញ្ជូន (Transport Solution) និងក្រុមហ៊ុនទី៣ ផ្តោតជំនាញលើការសាងសង់ផ្លូវល្បឿនលឿន និងផ្លូវដែក។

លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពីរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងវឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា រួមមាន គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ពីពីរគន្លងទៅបួនគន្លង គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២២ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ពីពីរគន្លងទៅបួនគន្លង ការលើកកម្រិតគុណភាពផ្លូវជាច្រើនទៀតពីការចាក់កៅស៊ូពីរស្រទាប់ស្តើងទៅជាផ្លូវបេតុងកៅស៊ូ (AC)ឱ្យសមស្របតាមបរិបទនៃការដឹកជញ្ជូន និងការរីកចម្រើនសេដ្ឋកិច្ច ការធ្វើប្រសើរឡើងការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការប្ដូរ និងពន្យារបណ្ណបើកបរនៅតាមផ្សារទំនើប ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយបណ្ដាប្រទេសជិតខាង។

បន្ថែមពីលើនេះ លោកក៏បានជម្រាបជូនផងដែរ អំពីការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ក្រោមជំនួយបច្ចេស ទេសរបស់ដៃគូអភិវឌ្ឍន៍ គម្រោងធ្វើទំនើបកម្មផ្លូវដែកកម្ពុជា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ យានយន្តប្រើប្រាស់ថាមពលអគ្គិសនី គម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនរថភ្លើង Monorail ក្នុងរាជធានី ភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគម្រោងការដឹកជញ្ជូនតាមផ្លូវទឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here