តម្រូវការដីចម្ការដំណាំ ជំរុញតម្លៃដីកសិកម្មក្នុងខេត្តរតនគិរីកើនឡើងខ្ពស់

0

ដោយ៖ សុផារី

រតនគិរី៖ សកម្មភាពទិញលក់អចលនទ្រព្យ ជាពិសេសលើដីប្រភេទកសិកម្ម ក្នុងខេត្តរតនគិរី បាននិងកំពុងមានភាពប្រសើរឡើងវិញច្រើន ដោយសារវត្តមាននៃវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក និងការជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្ត​។

លោក យ៉ូន សុខរិន​ ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តម្រូវការនៃដីធ្លីសម្រាប់កសិកម្ម មានការកើនឡើងខ្ពស់ខ្លាំង ដោយសារលំហូរអ្នកវិនិយោគ ពីភ្នំពេញមកកាន់ខេត្តរតនគិរី មានច្រើន ដោយភាគច្រើនមកវិនិយោគលើចម្ការកៅស៊ូ ដែល​មានទំហំធំចាប់ពី១០ហិចតា ទៅ២០ហិចតាឡើងទៅ។

ទោះបីមានទីតាំងនៅឆ្ងាយពីទីក្រុងភ្នំពេញក្តី កត្តាអាកាសធាតុល្អ ដីអំណោយផលលើដំណាំច្រើនមុខ តម្លៃដីធ្លីនៅទាប និងសម្បូរច្រើន និងការប្រកបរបររកស៊ីទទួលទាន បានធ្វើឱ្យកំណើនប្រជាជនចំណាកស្រុកមកពីខេត្តនានា ដូចជា ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម មករស់នៅក្នុងខេត្តរតនគិរីមានចំនួនកើនឡើងច្រើនជាលំដាប់ ពីមួយឆ្នាំ​ទៅមួយឆ្នាំ។

លោកថា “ដោយសារដីនៅទីនេះនៅធូរថ្លៃជាងនៅតាមបណ្តាខេត្តអភិវឌ្ឍហើយ ដីមានជីវជាតិល្អ អាកាសធាតុល្អ ការរស់នៅស្រួល គួបផ្សំនឹងខាងរដ្ឋាភិបាល និងរដ្ឋបាលខេត្តរៀបចំកសាង និងពង្រីកប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធផងនោះ ធ្វើឱ្យខេត្តមាន​ភាពទាក់ទាញបន្ថែម”។

បើតាមអ្នកឯកទេសដីធ្លីប្រចាំតំបន់រូបនេះ បានឱ្យ​ដឹង​ថា​ ទីតាំងដីធ្លីកសិកម្មក្នុងតំបន់ជិតទីរួមខេត្ត មានតម្លៃដាក់លក់ជាមធ្យម៣ម៉ឺនដុល្លារ ក្នុងមួយហិចតា ស្របពេលដែលទីតាំងដីនៅជុំវិញផ្សារ និងនៅជិតរង្វង់មូលខេត្ត មានតម្លៃខ្ពស់​រហូតសល់ ៣ទៅ៣ម៉ឺន៥ពាន់ដុល្លាក្នុងមួយម៉ែត្រដើរ សម្រាប់ដី ដែលមានទទឹងប្រហែល១០ម៉ែត្រ និងបណ្តាយ២០ទៅ៣០ម៉ែត្រ ហើយតម្លៃនេះប្រែប្រួលទៅតាមប្រវែងដីជម្រៅដីធ្លីនោះ។

លោក ឡុក​ ពិសិដ្ឋ មន្រ្តីរាជការប្រចាំខេត្តរតនគិរី និង​ជាម្ចាស់ចម្ការធំមួយ​នៅក្នុងខេត្តរតនគិរី បាន​បង្ហើបថា វិស័យ​ដីធ្លី នៅក្នុងខេត្តរតនគិរីមានការធ្លាក់ចុះបន្ទិច ដោយសារផលប៉ះពាល់ពីកូវីដ១៩ ប៉ុន្តែមួយរយៈចុងក្រោយនេះ បានចាប់ផ្តើមងើបឡើងវិញបណ្តើរៗហើយ ដោយសារវត្តមាន​នៃទេសចរចូលមកកំសាន្ត និងការសកម្មឡើងវិញនៃការទិញលក់ដីធ្លី ជាពិសេសលើដីប្រភេទកសិកម្ម។

លោកមាន​ប្រសាសន៍ថា “វិស័យដីធ្លីពេលកូវីដ វាធ្លាក់ចុះនិងស្ងាត់ ពេលស្បើយកូវីដ មានភ្ញៀវទេសចរមកលេង វាងើបឡើងវិញ ជាពិសេស វិស័យដីធ្លី លើការដាំដំណាំ ជាពិសេសដីនៅជុំវិញមាត់បឹង​ចាប់ផ្តើមងើបឡើងវិញខ្លាំង”។

បើតាមលោកពិសិដ្ឋ រដ្ឋាភិបាលបានចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលបាន​នឹងកំពុងជំរុញសក្តានុពលវិស័យដីធ្លី និង​តម្លៃដីនៅតាមតំបន់ទាំងនោះឱ្យ​មាន​កំណើនមួយកម្រិតទៀត។

លោកបានបន្តថា “ដោយសារខេត្តកាន់តែអភិវឌ្ឍផ្លូវថ្នល់ ផ្លូវជុំវិញផ្សារ ផ្លូវជុំវិញខេត្ត ដោយចាប់ផ្តើមចាក់កៅស៊ូ និងធ្វើផ្លូវធំៗ និយាយទៅដីវាងើបតាមហ្នឹងដែរហើយ។​ ឥឡូវ ខេត្តចាប់ផ្តើមអភិវឌ្ឍស្អាតណាស់”។

លោកពិសិដ្ឋបញ្ជាក់ថា នៅក្នុងខេត្តរតនគិរី បច្ចុប្បន្ននេះ ដីកសិកម្មត្រូវបាននិយមទិញក្នុងការដំាំចុះប្រភេទដំណាំ ដូចជា ប័រ សាវម៉ាវ ធុរេន ចន្ទី កៅស៊ូ ជាដើម។​

លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ខេត្តរតនគិរីជាខេត្តកសិឧស្សាហកម្ម សម្បូរចម្ការធំៗច្រើន ភាគច្រើនជាដីចម្ការដាំដំណាំ ឬជាដីរបស់ក្រុមហ៊ុន ឬចម្ការរបស់អ្នករស់នៅក្នុងតំបន់នេះ ដូចជា ចម្ការកៅស៊ូ ម្រេច ស្វាយចន្ទីជាដើម។

អ្នកនាង Yoko Lee អ្នកភ្នំពេញមួយរូប ដែល​បានផ្លាស់ប្តូរទីលំនៅទៅចាប់យកអាជីពជាកសិករទំនើបមួយរូបនៅក្នុងខេត្តរតនគិរី បាន​មាន​ប្រសាសន៍ឱ្យ​ដឹង​នៅថ្ងៃទី១២ ខែឧសភានេះថា ដីធ្លីនៅក្នុងខេត្ត និងតំបន់ជុំវិញ នៅមាន​ដី​ល្អៗច្រើន ហើយតម្លៃក៏នៅធូរថ្លៃផងដែរ ដែល​សាកសមបំផុតសម្រាប់ការវិនិយោគលើចំការដំណាំ ជាពិសេស ចំការដំណាំប្រភេទធំៗ។

អ្នកនាងបញ្ជាក់ថា តម្លៃដីធ្លីនៅក្នុងខេត្តមាន​ការ​ប្រែប្រួល ទៅតាមប្រភេទដី ថា​ជាប្រភេទដីសម្រាប់ធ្វើចម្ការ ដីក្នុងក្រុង ជាយក្រុង ដីទទេរ ដីនៅជិតផ្សារ ដោយអ្នកនាងក៏មិនអាចបញ្ចាក់តម្លៃជាក់ស្តែងបានដែរ អាស្រ័យតាម​ស្ថានភាពជាក់ស្តែងនៃ​ដីនោះ។

ជាម្ចាស់ចម្ការផ្លែឈើចម្រុះលើផ្ទៃដីជាច្រើនហិចតា អ្នកនាង Yoko បាន​បញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ចម្ការរបស់អ្នកនាងបានផ្តល់ទិន្នផលល្អប្រសើរណាស់ ជាពិសេសលើដំណាំផ្លែប័រ ហើយក៏រំពឹងថា ផលដំណាំធុរេន​នឹងទទួលបានទិន្នផលគាប់ប្រសើរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here