ដោយៈគង់ សូរិយា
កណ្តាលៈ ស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាលកាន់តែប្រសើរឡើង ផ្លូវលេខបេ១៣០បានបញ្ចប់ ការចាក់ដីបំពេញផ្នែកខ្លះនៃបឹងតាមោឃបាន និងកំពុងជម្រុញឲ្យទីផ្សារដីធ្លីកើនឡើង នៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញ។
យោងតាមការសិក្សា របស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិមួយបានបង្ហាញថា ខ័ណ្ឌចំនួន៣នៅរាជរាជធានីភ្នំពេញ នឹងកើនឡើងក្នុងរង្វង់៣០ភាគរយក្នុងមួយឆ្នាំ ដែលខ័ណ្ឌទាំងនោះ រួមមាន ខ័ណ្ឌព្រែកព្នៅ ខ័ណ្ឌពោធិសែនជ័យ និងខ័ណ្ឌដង្កោ។
ជាមួយនឹងលក្ខខ័ណ្ឌទីតាំងភូមិសាស្រ្ត មានភាពអំណោយផល តំបន់ភ្នំប្រសិទ្ឋ ដែលផ្នែកខ្លះស្ថិតក្នុងខ័ណ្ឌព្រែកព្នៅ និងផ្នែកខ្លះស្ថិតក្នុងស្រុកពញាឮ បាននិងកំពុងមានសកម្មភាព អភិវឌ្ឍន៍លំនៅដ្ឋានលក្ខបុរី សំណង់ផ្ទះល្វែងជាច្រើន ដែលជំរុញឲ្យតំបន់នេះកាន់តែមានភាពរីកចម្រើន និងទាក់ទាញការទិញដីលក់យកចំណេញ។
យោងតាមការចុះសិក្សា និងសាកសួរព៌តមានផ្ទាល់ពីលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានឲ្យដឹងថា ដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញមានតម្លៃចន្លោះ៧០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័័យលើទីតាំង ទំហំផ្លូវ និងរូបរាងដី។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា សកម្មភាពទិញលក់ដី នៅតំបន់ជាយរាជធានីភ្នំពេញបន្តកើនឡើង បើទោះជាមានវិបត្តិកូវីដ១៩ក្តី ក៏សកម្មភាពទិញលក់ដីនៅតំបន់ជាយក្រុងភ្នំពេញបន្តកើនឡើង។
លោកបន្តថា “ការវិនិយោគដីធ្លីមានភាពច្បាស់លាស់ នឹងទទួលបានផលចំណេញខ្ពស់ និងជាការវិនិយោគមានភាពជាក់លាក់”។លោកបន្តថា “ផែនការពង្រីករាជធានីភ្នំពេញរបស់រដ្ឋាភិបាល និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋនានា ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកំពស់វិស័យអចលនទ្រព្យនៅកម្ពុជា”។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្នុងពិធីសម្ភោធផ្លូវជាតិលេខ៥១ កាលពីពេលថ្មីៗនេះដោយបានបង្ហើបថា តំបន់ផ្លូវជាតិលេខ៥១ នឹងក្លាយជាតំបន់ក្រវ៉ាត់ក្រុងនាពេលអនាគត។
យោងតាមផែនការប្រើប្រាស់ដីធ្លី លំអិតរបស់រដ្ឋាភិបាលឆ្នាំ២០២០ ២០៣៥បានបង្ហាញថា រដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍ និងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង៣០គីឡូម៉ែត្រការ៉េ ដែលភាគខាងជើងនៃខេត្តក ណ្តាល នឹងកាត់ចូលរាជធានីភ្នំពេញនាពេលអនាគត៕