ដោយៈ សុផារី
ភ្នំពេញៈ ប៉ូលសេដ្ឋកិច្ចទាំងបួន សុទ្ធតែមានសក្តានុពលរីកចម្រើនខ្លាំង ខុសៗគ្នាតាមផ្នែក។ សម្រាប់វិស័យអចលនទ្រព្យ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ប៉ូលសៀមរាប និងប៉ូលមណ្ឌលគិរី ហាក់មានកំណើនទាប បើប្រៀបធៀបនឹងប៉ូលភ្នំពេញ និងព្រះសីហនុ ដែលបណ្តាលមកពីកត្តាជំរុញសំខាន់ៗចំនួនបី។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅក្នុងតំបន់មួយ ផ្អែកលើកត្តាសំខាន់ៗចំនួនបី រួមមាន ចំណូលសេដ្ឋកិច្ច និងកំណើនប្រជាជន (Population Growth) កំណើនសេដ្ឋកិច្ច (Economic Growth) និងកំណើនការវិនិយោគ (Investment Growth)។
លោកបណ្ឌិតមានប្រសាសន៍ថា “វិស័យអចលនទ្រព្យផ្អែកលើកត្តាចំណូលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ កំណើនប្រជាជន។ ប្រសិនបើមិនមានចំណូលសេដ្ឋកិច្ច និងកំណើនប្រជាជននោះទេ មិនសូវជាមានកំណើនទេ”។
លោកបណ្ឌិតថា ជាក់ស្តែង វិស័យអចលនទ្រព្យនៃខេត្តសៀមរាប ដែលជាខេត្តប៉ូលសេដ្ឋកិច្ចមួយ នៅតែមានសភាពយឺត ដោយសារតែកំណើនប្រជាជនមានចំនួនតិច ទោះបីជាចំណូលសេដ្ឋកិច្ចមានច្រើនក្តី តែភាគច្រើនជាចំណូល ដែលបានពីអ្នកទៅពីភ្នំពេញ និងខេត្តផ្សេងទៀត ហើយត្រូវបានអ្នកវិនិយោគទាំងនោះ បង្វែរទៅកាន់ទិសដីវិនិយោគផ្សេងទៀត។
លោកបណ្ឌិតបន្តថា “កំណើនអចលនទ្រព្យមានច្រើន តែមិនសូវជាជោគជ័យ ប៉ុន្តែមិនមែនមានន័យថា លក់មិនដាច់នោះទេ វាមានពេលវេលារបស់វា មិនដូចជា ក្នុងក្រុងភ្នំពេញ ឬក្រុងព្រះសីហនុ នៅពេលដែលមានកំណើនចិន ឬកំណើនទេសចរទៅច្រើន”។
ចំណែកខេត្តមណ្ឌលគិរី ដែលជាខេត្តប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត ក៏នៅបន្តទាមទារការអភិវឌ្ឍបន្ថែមលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ ដើម្បីទាក់ទាញទេសចរមកកំសាន្ត និងប្រជាជនទៅរស់នៅឱ្យបានច្រើន។
លោកបណ្ឌិតថា “ខេត្តមណ្ឌលគិរី លុះត្រាតែមានការបោះទុនវិនិយោគខ្លាំងៗលើវិស័យទេសចរណ៍ ដូចជាខេត្តដាឡាត់ ប្រទេសវៀតណាម ប្រហែលជាអាចមើលឃើញសញ្ញា កើនឡើងខ្លាំងនៃវិស័យអចលនទ្រព្យ”។
រាជរដ្ឋាភិបាលកម្ពុជា ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) បានកំណត់ដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៦ តាមរយៈការកំណត់តំបន់អាទិភាព អភិវឌ្ឍន៍វិស័យទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ការពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យ និងការតភ្ជាប់ការធ្វើដំណើរតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដើម្បីជំរុញឱ្យភូមិភាគនេះ ក្លាយទៅជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ៕