ដោយ : លាងហួរ
ចិន : ការលក់អចលនទ្រព្យនៅខែមេសារបស់ប្រទេសចិន បានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំមកនេះ។
បើយោងតាមការធ្វើការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យពីការិយាល័យស្ថិតិជាតិ ( NBS) ចេញផ្សាយកាលពីថ្ងៃចន្ទនេះ បានឱ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២២នេះ ការលក់អចលនទ្រព្យ បានធ្លាក់ចុះ៤៦,៦ភាគរយធៀបនឹងឆ្នាំមុន ដែលជាល្បឿនលឿនបំផុតចាប់តាំងពីឆ្នាំ២០០៦។
ការលក់អចលនទ្រព្យ ក្នុងខែមករាដល់ខែមេសា ដោយតម្លៃ បានធ្លាក់ចុះ២៩,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ បើធៀបនឹងការធ្លាក់ចុះ២២,៧ភាគរយ ក្នុងរយៈពេលបីខែដំបូង ក្នុងឆ្នាំ២០២២។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ បានឈានដល់ក្នុងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានគៀបសង្កត់លើអ្នកអភិវឌ្ឍន៍ ដែលជំពាក់បំណុល ដោយធ្វើឱ្យអ្នកទិញផ្ទះជាច្រើន ភ័យខ្លាចថា គម្រោងសាងសង់នឹងមិនត្រូវបានបញ្ចប់រួច។
ទីក្រុងជាង៨០បានចាត់វិធានការ ដើម្បីជំរុញតម្រូវការតាំងពីដើមឆ្នាំ រួមទាំងការឧបត្ថម្ភធនធាន ការកាត់បន្ថយអត្រាកម្ចីទិញផ្ទះ និងការបង់រំលោះតូចៗ។
ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យអចលនទ្រព្យនៅតែមិនច្បាស់លាស់ ចំពេលមានកា ទប់ស្កាត់ជំងឺកូវីដ១៩ដ៏អូសបន្លាយនៅក្នុងទីក្រុងជាច្រើន រួមទាំង ទីក្រុងស៊ាងហៃ ផងដែរ។ អាជ្ញាធរហិរញ្ញវត្ថុចិន កាលពីថ្ងៃអាទិត្យ បានអនុញ្ញាតឱ្យកាត់បន្ថយអត្រាការប្រាក់កម្ចីកម្ចីទិញផ្ទះបន្ថែមទៀត សម្រាប់អ្នកទិញផ្ទះលើកដំបូង ដើម្បីជំរុញឱ្យមានតម្រូវការ៕