ដោយ៖ សុផារី
ភ្នំពេញ៖ ការរីកចម្រើនវិស័យឧស្សាហកម្មបានរួមចំណែកដ៏សំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយកំណើននៃការវិនិយោគវិស័យនេះ នឹងធ្វើឱ្យទីផ្សារដីធ្លីនៅតំបន់ជាយក្រុង និងខេត្តនៅកៀករាជធានីភ្នំពេញ កាន់តែមានសក្តានុពលសម្រាប់ការវិនិយោគ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លើកឡើងថា តំបន់ជាយក្រុង និងខេត្តនៅកៀករាជធានីភ្នំពេញ ដូចជាខេត្តកណ្តាល និងកំពង់ស្ពឺ នឹងក្លាយជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការវិនិយោគលើរោងចក្រឧស្សាហកម្ម។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា “នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួនចាប់ផ្តើមមកតាមបណ្តាខេត្តផ្សេងៗ ជាពិសេសចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ”។
របាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ ២០២២ របស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីនៅតាមតំបន់ជាយក្រុងរាជធានីភ្នំពេញ (outer suburbs) មានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២០ ភាគរយ ខណៈដែលតំបន់នៅកៀកកណ្តាលក្រុង (inner suburbs) មានអត្រាកំណើន១០ភាគរយ ក្នុងមួយឆ្នាំ ដែលគិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។
ប្រភពដដែលបានបញ្ជាក់ថា អត្រាកំណើនដីធ្លីនេះ គឺផ្អែកលើកត្តាជំរុញសំខាន់ៗមួយចំនួន ដូចជាការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ស្របតាមផែនការអភិវឌ្ឍក្រុង និងការទិញដីទុករំពឹងផលចំណេញ ឬសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗ។
កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យរោងចក្រ និងឃ្លាំងទំនិញទៅកាន់តំបន់ជាយរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយរថយន្តធុនធំចូលក្នុងក្រុងនាំប៉ះពាល់ដល់ការធ្វើចរាចរណ៍ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងពិភាក្សាជាមួយសមាគមដឹកជញ្ជូន និងបណ្តាសហគ្រាសធំៗ ដើម្បីស្វែងរកដំណោះរួមគ្នាទាក់ទងនឹងបញ្ហានេះ។
អចលនទ្រព្យឧស្សាហកម្ម ជាចំណែកទីផ្សារមួយក្នុងវិស័យអចលនទ្រព្យ ដែលផ្តោតលើឃ្លាំងស្តុកទំនិញ រោងចក្រឧស្សាហកម្ម ដោយរាប់ទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងកច្រកែច្នៃម្ហូបអាហារ រោងកច្រផលិតគ្រឿងអេឡិចត្រូនិច និងរោងចក្រផលិតទំនិញផ្សេងៗទៀត ដែលបម្រើដល់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស៕