ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ លោក នរិន្ទត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា ឥណ្ឌានឹងផ្ដល់ឥណទានចំនួន១ពាន់លានដុល្លារដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលជាការតភ្ជាប់ដ៏សំខាន់មកកម្ពុជា។
នេះជាការបញ្ជាក់របស់លោក បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្រោយជំនួបពិភាក្សាការងាររវាងសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌាតាមរយៈប្រព័ន្ធទូរស័ព្ទ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
លោក នរិន្ទត្រា ម៉ូឌី លើកឡើងថា នេះជាការសមស្របជាមួយនឹងផែនការមេរបស់អាស៊ានទៅលើផែនការនៃការតភ្ជាប់។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ ចំពោះការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿនត្រីភាគីឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។
សម្ដេចតេជោ ក៏បានស្នើឱ្យពន្លឿននីតិវិធី និងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ឥណ្ឌា ដើម្បីឈានដល់ការចុះហត្ថលេខាឱ្យបានឆាប់រហ័សផងដែរ។ លើសពីនេះ សម្តេចតេជោ បានស្នើឱ្យមានការហោះហើរ ពីប្រទេសឥណ្ឌាទៅកាន់ខេត្តសៀមរាប ដើម្បីជំរុញឱ្យមានការកើនឡើងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ជាពិសេសទេសចរ ដែលបានចាក់វ៉ាក់សាំងរួចរាល់។
សម្ដេចតេជោ បញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី មានការធ្លាក់ចុះនៅពេលវិបត្តិកូវីដ ហើយមានការកើនឡើងវិញនៅឆ្នាំ២០២១ ចំនួន៣០០លានដុល្លារ តែគប្បីបន្តពង្រីកបន្ថែមទៀត។
សម្តេចតេជោ បានគូសបញ្ជាក់អំពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងឥណ្ឌាតាំងពី១៩៨១ ក្រោយអាក់ខានមួយរយៈ ដោយសារសង្គ្រាម។ ឥណ្ឌាគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យទីមួយលើពិភពលោកដែលប្រកាសទទួលស្គាល់កម្ពុជា និងបង្កើតទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា។ គិតមកដល់ពេលនេះ កម្ពុជានិងឥណ្ឌាមានទំនាក់ទំនងជាមួយគ្នា ជាង៧០ឆ្នាំមកហើយ ដែលប្រទេសទាំងពីរ បានឯកភាពគ្នានៅក្នុងការប្រារព្ធខួបលើកទី៧០ ដោយធ្វើសកម្មភាពរួមគ្នាដើម្បីអបអរសាទរ នៃការភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្នុងស្មារតី សាមគ្គីភាពនិងកិច្ចសហការ រវាងប្រទេសនិងប្រជាជននៃទាំងពីរផងដែរ៕