ដោយ៖លាងហួរ
អចលនទ្រព្យ៖ ទីផ្សារអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិកមានសន្ទុះយ៉ាងខ្លាំង ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ជាមួយនឹងទំហំវិនិយោគកើនឡើង២០% ពីមួយឆ្នាំទៅមួយឆ្នាំ កើនដល់ចំនួន៤០,៨ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ JLL ។
របាយការណ៍បានឱ្យដឹងថា ប្រទេសសិង្ហបុរី កូរ៉េខាងត្បូង និងអូស្ត្រាលី គឺជាប្រទេសធំទាំង៣ ដែលមានកំណើនវិនិយោគច្រើនជាងគេ។ វិស័យលក់រាយ និងការិយាល័យបានដំណើរការយ៉ាងល្អប្រសើរ ខណៈពេលដែលភស្តុភារ និងឧស្សាហកម្មបានរាយការណ៍ថាមានកំណើនជាមធ្យម៣.៥% ពីមួយឆ្នាំទៅមួយឆ្នាំ។
អចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរី មានកំណើនវិនិយោគដ៏ធំបំផុតនៅក្នុងតំបន់ កើនឡើង១៣៤% ដោយនៅចុងត្រីមាសទីមួយនេះ មានទុនវិនិយោគចំនួន៥,៧ ពាន់លានដុល្លារ ជំរុញដោយប្រតិបត្តិការក្នុងទីផ្សារការិយាល័យ និងទីផ្សារលក់រាយ។
ប្រទេសកូរ៉េខាងត្បូងបានបន្តមានកំណើនវិនិយោគ៨៩% កើនឡើងដល់៨,២ពាន់លានដុល្លារ ដែលជំរុញដោយការវិនិយោគចម្រុះ លើទីផ្សារការិយាល័យ ការលក់រាយ និងភស្តុភារ និងវិស័យឧស្សាហកម្ម។
ដោយឡែក ប្រទេសអូស្ត្រាលី បានប្រកាសពីកំណើនវិនិយោគប្រចាំឆ្នាំធំបំផុតទីបី ដោយបានកើនឡើង៤៩% ខណៈវិនិយោគិនបានបោះទុនជាង៤,៧ពាន់លានដុល្លារ ទៅក្នុងទីផ្សារការិយាល័យ។
ប្រទេសជប៉ុននៅតែជាទីផ្សារវិនិយោគធំបំផុតក្នុងតំបន់ ក្រោមទុនវិនិយោគ៨,៥ពាន់លានដុល្លារ ទោះបីជាមានការធ្លាក់ចុះ២៦% បើធៀបនឹងឆ្នាំមុនក្តី។ ប្រទេសចិននៅតែរក្សាទ្រឹងនៅក្នុងត្រីមាសទីមួយ ដោយមានទុនវិនិយោគសរុបចំនួន៨,៣ពាន់លានដុល្លារ។
លោក Stuart Crow នាយកប្រតិបត្តិក្រុមហ៊ុន Capital Markets ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានឱ្យដឹងថា “វិនិយោគិនបាននិងបន្តបោះទុនវិនិយោគ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលមកពីបម្រែបម្រួលការរវិនិយោគទ្រព្យសកម្មនៃទីផ្សារលក់រាយ ការបន្តជំរុញទីផ្សារការិយាល័យ និងកំណើនខ្ពស់នៅក្នុងប្រទេសសិង្ហបុរី កូរ៉េ និងអូស្ត្រាលី។”
លោកបន្តថា “យើងមានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យក្នុងតំបន់នឹងអាចទប់ទល់នឹងការកើនឡើងអត្រាការប្រាក់ខ្ពស់ និងភាពមិនច្បាស់លាស់ ដែលកំពុងកើនឡើងបាន។
យើងនៅតែមើលឃើញការប្រកួតប្រជែងខ្លាំង សម្រាប់ទ្រព្យសកម្ម និងរក្សាការព្យាករណ៍របស់យើងជាង២០០ពាន់លានដុល្លារ ក្នុងការវិនិយោគផ្ទាល់ ទៅកាន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០២២នេះ”។
លោក Stuart Crow បានមានប្រសាសន៍ថា អចលនទ្រព្យពាណិជ្ជកម្ម មានកំណើនវិនិយោគធំបំផុតនៅក្នុងតំបន់ កើនឡើង១៣៤%ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅចុងត្រីមាសទីមួយនេះ មានទំហំវិនិយោគចំនួន៥,៧ពាន់លានដុល្លារអាមេរិក៕