ដោយ៖ សុផារី
កំពង់ស្ពឺ៖ តំបន់ទាំងឡាយណា ដែលមានការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មច្រើន តែងតែជំរុញឱ្យមានការប្រើប្រាស់ដីធ្លី និងធ្វើឱ្យវិស័យដីធ្លីមានភាពទាក់ទាញបន្ថែមទៀត។ ក្នុងចំណោមខេត្តជាប់ក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺក្លាយជាខេត្តសក្តានុពលទី២ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា “នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួនចាប់ផ្តើមមកតាមបណ្តាខេត្តផ្សេងៗ”។
លោកបានមានប្រសាសន៍បន្តថា “ជាពិសេស ចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុ ដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ”។
លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា ខេត្តកំពង់ស្ពឺ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ គេសង្កេតឃើញកំណើនការប្រើប្រាស់ដីធ្លីយ៉ាងច្រើន សម្រាប់ការសាងសង់ ដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ដីឡូត៍ និងលំនៅឋាន។
ខេត្តកំពង់ស្ពឺជាខេត្តសក្តានុពលខ្ពស់ខ្លាំង ដោយសារមានទីតាំងភូមិសាស្ត្រល្អប្រសើរ នៅជាប់នឹងបណ្តាញផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិសំខាន់នានា ដែលតភា្ជប់ខ្វាត់ខ្វែងក្នុងការដឹកជញ្ជូន។
បន្ថែមលើសនេះ ខេត្តមួយនេះមានទីតាំងស្ថិតនៅភាគខាងត្បូង ឆៀងខាងលិច ដែលស្ថិតនៅកណ្តាលដំណើរផ្លូវ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ក៏ដូចជាខេត្តសំខាន់ៗ ផ្សេងទៀត។ ជាពិសេស តម្លៃដីធ្លីនៅក្នុងខេត្តមួយនេះ នៅមានភាពសមរម្យនៅឡើយ។
លោកថា “បើតាមការប្រៀបធៀប ខេត្តកំពង់ស្ពឺ ជាខេត្តដែលមានតម្រូវការច្រើនជាងគេលើការប្រើប្រាស់ដីធ្លី បន្ទាប់ពីខេត្តកណ្តាល”។
លោកបញ្ជាក់ថា “តំបន់ទាំងឡាយណា ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មច្រើន ជាកត្តាសំខាន់ក្នុងការជំរុញឱ្យមានការប្រើប្រាស់ដីធ្លី និងធ្វើឱ្យវិស័យដីធ្លីមានភាពទាក់ទាញបន្ថែមទៀត”។
កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុន វិនិយោគជាច្រើន លើគម្រោងវិនិយោគបង្កើតជារោងចក្រវាយនភ័ណ្ឌ រោងចក្រអេឡិចត្រូនិច ជាដើម។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលំដាប់យក្សមួយ គឺក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា ក៏បានចាប់ផ្តើមសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺផងដែរ៕