ADB ផ្តល់ហិរញ្ញប្បទានជិត ១០០០លានដុល្លារបន្ថែមសម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗ

0

ដោយៈ សុផារី

ភ្នំពេញៈ កម្ពុជានឹងទទួលបានហិរញ្ញប្បទាន ពី ADB ចំនួនប្រមាណ ៩៦៥លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍ លើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា។

នេះបើតាមការបញ្ជាក់របស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនា​យ​ករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី រួមមាន លោក Tony McDonald នាយកប្រតិបត្តិ ប្រចាំប្រទេសកម្ពុជា លោក Takahiro Yasui នាយកប្រតិបត្តិ ប្រចាំប្រទេសជប៉ុន និង និងលោក Sergio Lugaresi។

លោក វង្សី វិស្សុត បានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់នូវសុភវិនិច្ឆ័យចំពោះកម្ពុជា និងបានថ្លែងអំណរគុណដល់ ADB ចំពោះវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រភាព ជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ (Country Partnership Strategy – CPS 2019-2023) ជាមួយនឹងកិច្ចសហការរៀបចំសេចក្តីព្រាង ស្តីពីគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monitoring-ICPM 2023-2025)។

ក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពី ADB ចំនួនប្រមាណជាង៩៦៥លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ជំរុញការអភិវ​ឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកបច្ចេកទេស និងជាពិសេសការរួមចំណែក យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដ៏លំបាក លើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីពិនិត្យនិងស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ជារួម ជាពិសេសក្នុងបរិការណ៍ថ្មី នៃភាពមិនប្រាកដប្រជានៃជំងឺកូវីដ-១៩ ការថមថយនៃសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួន ដែលហិរញ្ញប្បទានដោយADB ក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here