អ្នកធុរកិច្ចចិនបោះទុនវិនិយោគជិត១០ពាន់លានដុល្លារអាម៉េរិកនៅកម្ពុជាក្នុងរយៈពេលជាង២ចុងក្រោយនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកធុរកិច្ចចិននៅតែឈរចំណាត់ថ្នាក់ទី១ ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា ដោយក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន​បានក្លាយជា​ប្រទេស​ដែលមាន​វិនិយោគិន​ ដា​ក់​ទុន​វិនិ​យោគ​នៅកម្ពុជាច្រើនជាងគេនៅកម្ពុជា។

ជាក់ស្ដែង​ក្នុងរយៈពេល​ប្រមាណតែ២ឆ្នាំកន្លះ​ប៉ុណ្ណោះ ចិន​បាន​បោះទុន​វិនិយោគ ​លើ​​គម្រោង​នានា​រហូតដល់​ជិ​ត១០ពាន់លានដុល្លារអាម៉េរិក។​

យោងតាម​របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបង្ហា​ញ​ឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ២០២៣ រហូត​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ២០២៥នេះ វិនិយោគិន​ចិន​បានដាក់ទុនវិនិយោគ​ច្រើនជាង​គេ ​ក្នុង​ចំណោម​វិនិ​យោ​គិ​ន ​ដែល​កំពុង​វិនិយោគនៅកម្ពុជា ដោយ​រយៈពេល​២ឆ្នាំកន្លះមកនេះ ចិន​បាន​វិនិយោគ​គិត​ជាទឹ​ក​ប្រាក់​​ប្រ​មាណ​៩,៩២​ពាន់​លានដុល្លារអាម៉េរិក។​

​របាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជា​ទទួល​ទុន​វិនិយោគ​សរុប​ប្រមាណ​៤,៩២​ពាន់​លាន​ដុ​ល្លា​រអាមេរិក ក្នុងនោះចិន​បានដាក់ទុនវិនិយោគ ប្រមាណ៣,២៥ពាន់​លានដុល្លារអាម៉េរិក ឬស្មើនឹ​ង​៦៦​ភាគ​​រយ​នៃ​ទុនវិនិយោគសរុប។ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគ​ចុះបញ្ជីសរុប ​ចំនួន៦,៨៧​ពាន់​លា​ន​​​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ ប្រភពទុនពីប្រទេស​ចិន​ មានរហូតដល់​៣,៤២ពាន់​លានដុល្លារ​អាម៉េរិក ឬស្មើ​នឹង​ពាក់កណ្ដាល​នៃ​ទុនវិនិយោគសរុប។​

ដោយឡែក​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ​២០២៥នេះ តាមរបាយការណ៍​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក៏បាន​បង្ហា​ញឱ្យឃើញថា កម្ពុជា​ទទួលទុន​វិនិយោគ​ចុះបញ្ជី​ចំនួន ជិត​៥,៨ពាន់​លានដុល្លារអាម៉េរិក​ក្នុង​ប្រភព​ទុន​វិនិ​យោគ​មកពីប្រទេស​ចិន មាន​រហូតដល់៣,២៤​ពាន់​លានដុល្លារអាម៉េរិក ឬស្មើនឹង​៥៦ភាគរយ ​នៃ​ទុន​វិនិ​យោគ​​​​ចុះបញ្ជី​សរុប​ក្នុ​ងរយៈ​ពេល​៦ខែកន្លងមកនេះ ។

ក្នុង​ជំនួបពិភាក្សា​ការងារ​ជាមួយគណៈ​ប្រតិភូ​ក្រុមហ៊ុន​ Xingtai Shunhe Biotechnology មកពីខេត្ត​ហឺប៉ី ប្រទេស​ចិន​កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៥​កន្លងទៅនេះ លោក​ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានជ​ម្រាប​ជូ​នពីស្ថានភាពដ៏ល្អប្រសើរ នៃវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជា មានការកើនទ្បើងគួរជាទីកត់សម្គាល់ដោយប្រភពទុនវិនិយោគមកពីប្រទេស​ចិ​ន បា​នឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទា​ប់​ក្នុ​ងរ​យៈ​ពេ​ល​​ជាង​១ ​ទ​ស​វ​ត្ស​រ៍​ចុង​ក្រោ​យ​នេះ​ ។​

លោក​ស្រី លី ជៀ( Li Jie )  ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology បាន​បង្ហាញពី​បំណង​របស់​ក្រុមហ៊ុន​ក្នុង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ នៅក្នុង​វិស័យ​ថាមពល​ស្អាត និងថាមពល​កកើ​តឡើង​វិញ ជា​ពិសេស​សំដៅ​លើកកម្ពស់​សុវត្ថិភាព ថាមពល​ក្នុងព្រះរាជាណាចក្រកម្ពុជា និងធានា​កាត់​បន្ថយ​ផលប៉ះពាល់​បរិស្ថាន​។

បំណង​នៃការ​វិនិយោគរបស់ក្រុមហ៊ុន​ចិននេះ បាន​បង្ហាញពី​សញ្ញា​​វិជ្ជមាន​ថ្មីមួយទៀត ​នៃ​ប្រភពទុន​វិនិយោគ​មកពីប្រទេស​ចិន ដែល​នឹងធ្វើឱ្យ​ប្រភពទុនវិនិយោគ ពីប្រទេស​មួយ​នេះ នៅកម្ពុជា​កាន់តែមានកំណើន​ខ្ពស់​ឡើង​ជា​បន្តប​ន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here