ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ក្រោយពីជួបវិបត្តិដោយសារតែកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំកន្លងទៅ ពិភពលោកហាក់ទទួលបាននូវពន្លឺខ្លះៗឡើងវិញ ជាពិសេសនោះវិស័យដីធ្លី ក៏ហាក់មានសកម្មភាពកម្រើកឡើងវិញបន្តិចផងដែរ។
ដើម្បីដាស់ឱ្យវិស័យនេះ មានសកម្មភាព កាន់តែកម្រើន អ្នកជំនាញមកពីប្រទេស៣ ជាអ្នកជិតខាងកម្ពុជា បានបង្ហាញពីឱកាសវិនិយោគទៅវិញទៅមក និងបង្ហាញពីភាពល្អរបស់កម្ពុជាជាច្រើនផងដែរ។
នៅក្នុងកម្មសិក្ខាសាលាមួយក្រោមប្រធាន “គ្មានព្រំដែនសម្រាប់អាជីវកម្មអចលនទ្រព្យ” កាលពីចុងសប្ដាហ៍កន្លងទៅ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ថា ក្រោយពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងកម្ពុជាបានធូរស្រាលឡើងវិញ អ្នកជំនាញដីធ្លីដែលជាតំណាងក្រុមហ៊ុនKW មកពី៣ប្រទេសរួមមានកម្ពុជា ថៃ និងវៀតណាម បានបង្ហាញពីការធ្វើជំនួញដីធ្លីនៅក្នុងប្រទេសរៀងៗខ្លួន និងមានការចូលរួមពីវិនិយោគទុនធំមកពីប្រទេសជាច្រើនផងដែរ។
លោកបន្តថា “ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ វិស័យដីធ្លីកម្ពុជាយើងមិនមានភាពរស់រវើក ដូចកាលមុនកូវីដ១៩ទេ តែពេលនេះសកម្មភាព នៃវិស័យដីធ្លីរបស់កម្ពជា យើងហាក់មានភាពប្រសើរឡើងវិញបន្តិចម្ដងៗ”។ លោកបន្តថា “ជាក់ស្ដែងកូវីដ១៩ ក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមប្រសើរឡើងខ្លាំង តួយ៉ាងរយៈពេល៣សប្ដាហ៍ហើយ ដែលកម្ពុជាមិនមានករណី ឆ្លងកូវីដ១៩ថ្មីសូម្បីតែមួយ ហើយវាក៏ដល់ពេល ដែលយើងត្រូវធ្វើឱ្យវិស័យដីធ្លី នៅកម្ពុជាកម្រើកឡើងវិញ។ ដូច្នេះការជួបជុំរវាង KW ទាំង៣ប្រទេសនេះ ក៏ជាសកម្មភាពជួយឱ្យវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជាយើងនឹងកក្រើកឡើងវិញមួយកម្រិតផងដែរ។
លោកបណ្ឌិតគីម ហ៊ាងបន្ថែមថា រដ្ឋាភិបាលកម្ពុជា ក៏បានខិតខំប្រឹងប្រែងក្នុងការប្រមូលដើមទុន ចូលមកស្រុកខ្មែរយើងផងដែរ ជាក់ស្ដែងតាមរយៈសកម្មភាពសម្ដេចតេជោហ៊ុនសែន ចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិសំខាន់២ នឹងទាក់ទាញវិនិយោគិនបរទេស ចូលមកកម្ពុជាបន្ថែមទៀត ។ ដូច្នេះហើយពួកយើងជាអ្នកវិនិយោគក្នុងស្រុក ក៏បានត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វិនិយោគិនមកពីប្រទេសនានា ដើម្បីសហការក្នុងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក Long Ja Hoang តំណាងក្រុមហ៊ុន KW Vietnam បានមានប្រសាសន៍ថា តាមរយៈការសង្កេតរបស់លោក នៅក្នុងប្រទេសកម្ពុជា លោកបានមើលឃើញថា កម្ពុជាជាប្រទេសដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យដីធ្លី ហើយកម្ពុជានឹងទទួលបាន ការវិនិយោគពីប្រទេសបន្ថែមទៀតក្នុងវិស័យដីធ្លី ។
ចំណែកលោក Vit Kultanvipas តំណាងក្រុមហ៊ុនKW ប្រចាំប្រទេសថៃក៏បានលើកឡើងផងដែរថា ប្រទេសថៃ និងកម្ពុជាអាចចាត់ទុកជាប្រទេសបងប្អូន ហើយការវិនិយោគរវាងប្រទេសថៃ នៅកម្ពុជាក៏ឃើញថាមានចំនួនកាន់តែច្រើន ខណៈទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក៏មានកំណើនខ្ពស់ជាបន្តបន្ទាប់ផងដែរ ។
លោកបន្តថា “តាមរយៈស្ថានភាព និងសក្ដានុពលនៅក្នុងប្រទេសកម្ពុជា លោកជឿថាកម្ពុជានឹងទទួលបាន ការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគមកពីបរទេស រួមទាំងប្រទេសបន្ថែមទៀតផងដែរ នៅពេលអនាគតខាងមុខនេះ”៕