ដោយៈសុខុម
ប៊ែរឡាំង: រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ និងគណបក្សប្រឆាំងដ៏ធំនៃប្រទេសនេះ បានឈានដល់ការព្រមព្រៀងគ្នា ឆ្ពោះទៅរកការបង្កើនការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ លើវិស័យការពារជាតិ ដែលអធិការបតី Olaf Scholz បានប្រកាសកាលពី៣ខែមុន។
លោក Olaf Scholz បានសម្ដែងការស្វាគមន៍ ចំពោះការព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា នេះ ដោយលោកលើកឡើងថា “វាគឺជាការឆ្លើយដ៏ត្រឹមត្រូវ ទៅនឹងចំណុចរបត់ ដែលបានផ្តើមចេញពីសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន”។
៣ថ្ងៃបន្ទាប់ពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ មេដឹកនាំអាល្លឺម៉ង់ រូបនេះបានប្រកាសថា ប្រទេសអាល្លឺម៉ង់ នឹងផ្តល់កញ្ចប់ថវិកាពិសេស រហូតដល់ទៅ១០៧ពាន់លានដុល្លារសម្រាប់យោធារបស់ខ្លួន ហើយនឹងបង្កើនការចំណាយ សម្រាប់វិស័យការពារជាតិឱ្យលើសពី២% នៃផលទុនជាតិសរុប (GDP) របស់ខ្លួន។
នៅឯពិព័រណ៍ពាណិជ្ជកម្មមួយនៅទីក្រុង Hannover ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា លោកOlaf Scholz បានលើកឡើងថា “វិស័យការពារជាតិរបស់អាល្លឺម៉ង់ នឹងត្រូវបានពង្រឹង ដោយមានសមត្ថភាពបំពេញ បេសកកម្មការពារខ្លួនបានល្អប្រសើរ ជាងពេលណាៗទាំងអស់ ហើយនឹងមានសមត្ថភាព អាចចូលរួមចំណែកជួយដល់អង្គការ NATO ដូច្នេះយើងអាចការពារខ្លួនបានគ្រប់ពេលវេលា ពីការវាយប្រហារពីខាងក្រៅ”។
អធិការបតីអាល្លឺម៉ង់ រូបនេះបានបន្ថែមទៀតថា “កញ្ចប់ថវិកានេះនឹងរួមចំណែកជួយឱ្យប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប កាន់តែមានសន្តិសុខល្អប្រសើរ”។ លោកបន្តថា “វាគឺជាការឆ្លើយដ៏ត្រឹមត្រូវ ទៅនឹងចំណុចរបត់ដែលបានផ្តើមចេញពីសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន”៕ Aljazeera៕