កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២១ មានទឹកប្រាក់សរុបជិត ២០០លានដុល្លារអាមេរិកក្នុងខែឧសភា

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២នេះ សកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានដំណើរការល្អ និងវិវត្តន៍ទៅរកស្ថានភាព ដូចមុនកូវីដ១៩វិញបណ្ដើរៗហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ត្រូវបានអនុម័តជាផ្លូវការ។

ជាក់ស្តែង ក្នុងខែឧសភា មានគម្រោង២១ត្រូវបានអនុម័ត ដោយមានទឹកប្រាក់ជិត២០០លានដុល្លារអាមេរិក។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ភាគច្រើននៃគម្រោងដែលត្រូវបានអនុម័តឱ្យវិនិយោគជា គម្រោងរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្ម ផ្សេងៗទៀត។

ក្នុងចំណោមគម្រោងទាំងអស់ដែល CDC អនុម័តក្នុងខែឧសភានោះដែរ មានគម្រោងចំនួន២ មានទឹកប្រាក់វិនិយោគធំជាងគេ គឺ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា មានទីតាំងនៅស្រុកអង្គស្នួលខេត្តកណ្ដាល មានទុនវិនិយោគ៥៧,២លានដុល្លារអាមេរិក និងបង្កើតការងារបានជាង៩០០កន្លែង។

គម្រោងមួយទៀត គឺ គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទឹកប្រាក់វិនិយោគចំនួន៧១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋចំនួន៣០៤នាក់។

ក្រៅពីគម្រោងដែលមានទឹកប្រាក់ច្រើនទាំងពីរនោះ ជាគម្រោងរោងចក្រឧស្សាហកម្មមានទុនវិនិយោគក្រោម១០លានដុល្លារអាមេរិក តែអាចបង្កើតការងារបានច្រើនដល់ពលរដ្ឋ ។

លោក វ៉ា វីរៈ ប្រធានអ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកនៃក្រុមហ៊ុនCentury 21 Fortuna បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២នេះ ការវិនិយោគក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានកំណើនល្អប្រសើរឡើងវិញ ទាំងទុននៅក្នុងស្រុក និងទុនមកពីបរទេស។ តាមរយៈគម្រោងវិនិយោគទាំងនេះ បានធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា មានកំណើនខ្ពស់ក្នុងឆ្នាំ២០២២នេះ និងរំពឹងថារំហូរទុនវិនិយោគផ្ទាល់ពីបរទេស នឹងមានកំណើនកាន់តែច្រើនថែមទៀង ក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ ។

លោកបន្តថា សម្រាប់តំបន់ ដែលទទួលបានគម្រោងវិនិយោគច្រើន និងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់វិនិយោគិនបរទេស និងក្នុងស្រុកនោះ គឺនៅតំបន់ខាងលិចទន្លេ ដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត ក្រុងព្រះសីហនុ កោះកុង ជាដើម។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅថា ឆ្នាំ២០២២នេះ ដល់ពេលវេលា ដែលត្រូវដាស់ឱ្យវិស័យដីធ្លី និងការវិនិយោគ ត្រលប់មកវិញហើយ ។ ជាក់ស្ដែង ក្នុងរយៈពេលជិត១ខែហើយ ដែលកម្ពុជាមិនមានករណីឆ្លងកូវីដ១៩ថ្មី ដោយនេះជាកត្តាដែលអាចទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here