ដោយ៖ សុផារី
ភ្នំពេញ៖ សេដ្ឋកិច្ចពិភពលោក កំពុងទទួលរងផលប៉ះពាល់ ព្រោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងប្រព័ន្ធឡូជីស្ទីកត្រូវបានរាំងស្ទះ ដោយសារជំងឺកូវីដ-១៩ និងការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្ម ដែលធ្វើឱ្យមានការផ្លាស់ប្តូរប្រព័ន្ធតភ្ជាប់ពហុវិស័យ ហើយជំរុញការចំណាយខ្ពស់លើវិស័យឡូជីស្ទីក។
នេះបើតាមប្រសាសន៍របស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសពិភាក្សាការងារជាមួយ លោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារ ពិភពលោក (WB)។
លោក វង្សី វិស្សុត បានថ្លែងថា វិស័យឡូជីស្ទីកគឺជាវិស័យអាទិភាព និងជាគន្លឹះសម្រាប់ ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍជាទូទៅសម្រាប់កម្ពុជា។ សេដ្ឋកិច្ចកម្ពុជាពិតជាមិនអាចរីកចម្រើនលូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិនបើកម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ដែលប្រកបដោយប្រសិទ្ធភាពសក្កិសិទ្ធិភាព និងរស់រវើកនោះទេ។
លោកបានបន្តថា បច្ចុប្បន្នសេដ្ឋកិច្ចពិភពលោក កំពុងទទួលរងផលប៉ះពាល់ ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងប្រព័ន្ធឡូជីស្ទីកត្រូវបានរាំងស្ទះ ដោយសារជំងឺកូវីដ-១៩ ហើយមួយផ្នែកទៀត បណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្ម។ ការផ្លាស់ប្តូរ ប្រព័ន្ធពាណិជ្ជកម្មនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរប្រព័ន្ធតភ្ជាប់ពហុវិស័យ (interconnectivity)។
លោក វង្សី វិស្សុត ក៏មានប្រសាសន៏ផងដែរថា ចំណាយឡូជីស្ទីកកម្ពុជានៅខ្ពស់ គឺជាបញ្ហាជារចនាសម្ព័ន្ធដ៏រ៉ាំរ៉ៃមួយ។ នៅក្នុងរយៈពេលមធ្យមទៅមុខ កម្ពុជាត្រូវធ្វើកិច្ចការច្រើនថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព សក្កិសិទ្ធិភាព ប្រទាក់ក្រឡាគ្នា ថ្លៃថោក និងចំណាយពេលតិច ព្រមទាំងមានស្ថិរភាព សម្រាប់ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែភាពប្រកួតប្រជែង និងកាន់តែមានពិពិធកម្ម និងទាក់ទាញវិនិយោគពីក្រៅប្រទេស។
ការសិក្សារបស់ក្រុមការងារ WB បានបង្ហាញថា ថ្លៃឡូជីស្ទីកនៅកម្ពុជានៅខ្ពស់ និងមិនសូវមានស្ថិរភាព ដោយសារថ្លៃប្រតិបត្តិការ និងថ្លៃដឹកជញ្ជូននៅខ្ពស់ និងនៅមានការបង់កម្រៃក្រៅផ្លូវការនៅឡើយ ព្រមទាំងបញ្ហាការតភ្ជាប់រវាងប្រភេទនៃការដឹកជញ្ជូនមួយ ទៅប្រភេទនៃការដឹកជញ្ជូនមួយទៀត និងបញ្ហានីតិវិធីមួយចំនួនទៀត។
ការសិក្សានេះ បានផ្តល់អនុសាសន៍ ដូចជា ការត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកទ្វារពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធធុរជនល្អ (best trader scheme) ការបង្កើតប្រព័ន្ធរាយការណ៍តាមផ្លូវ (Roadwatch) ការជំរុញការដឹកជញ្ជូនតាមផ្លូវដែក ការពង្រឹងប្រសិទ្ធភាពនៃការធ្វើអធិការកិច្ចក្រោយការបញ្ចេញទំនិញពីគយ ការសម្រួលដល់ការឆ្លងកាត់ទំនិញ ការរៀបចំផែនការនិងយុទ្ធសាស្រ្តដឹកជញ្ជូនពហុបំណង និងការរៀបចំផែនការអភិវឌ្ឍឡូជីស្ទីកក្នុងតំបន់ទីក្រុង ព្រមទាំងការរៀបចំបទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យឡូជីស្ទីកជាដើម៕