ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានឱ្យដឹងថា ទស្សនវិស័យជារួមសម្រាប់ទីផ្សារការិយាល័យក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីនៅតែមានភាពមិនច្បាស់លាស់ ខណៈអត្រាកំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថា នឹងស្ថិតក្នុងកម្រិតមធ្យម។
ទោះជាយ៉ាងណា ទីផ្សារការិយាល័យកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ស្របពេលភាពប្រសើរឡើងនៃតម្រូវការយ៉ាងសន្សឹមៗ។ ជាមួយគ្នានេះ អ្នកជួល ឬបណ្តាក្រុមហ៊ុននានានៅមានអំណាចនៃការចរចាជាមួយម្ចាស់អគារការិយាល័យ។
ទន្ទឹមនឹងនេះ ម្ចាស់អគារកំពុងផ្តោតលើយុទ្ធសាស្រ្តដើម្បីបង្កើនតម្រូវការ ដូចជាការកំណត់តម្លៃប្រកបដោយភាពប្រកួតប្រជែង និងផ្តល់ការលើកទឹកចិត្តនានាដើម្បីទាក់ទាញអ្នកជួលថ្មី។
ការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅមានកម្រិត ខណៈតម្រូវការជួលការិយាល័យត្រូវបានគេរំពឹងថា នឹងបន្តងើបឡើងវិញ។ លើសពីនេះ បណ្តាក្រុមហ៊ុននានាមានចំណាប់អារម្មណ៍លើការផ្លាស់ប្តូរទីតាំងធ្វើការទៅកាន់អគារការិយាល័យ ដែលមានគុណភាពខ្ពស់។
គិតត្រឹមត្រីមាសទី២ អត្រាគ្របដណ្តប់ការជួលការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ស្ថិតក្នុងរង្វង់ប្រមាណ៧៥ភាគរយ ខណៈអត្រាគ្របដណ្តប់ការជួលការិយាល័យនៅខាងក្រៅតំបន់ CBD ស្ថិតក្នុងរង្វង់ចំនួន២១ភាគរយ។
បណ្តាក្រុមហ៊ុនបរទេសពហុជាតិសាសន៍នៅតែមានចំណាប់អារម្មណ៍ជាចម្បងចំពោះការជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាល។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers៕ប្រភព: Colliers៕