លោក ឃួង ស្រេង៖ អាគារខ្ពស់ៗធ្វើឱ្យសម្រស់ទីក្រុងភ្នំពេញមិនចាញ់ប្រទេសក្នុងអាស៊ានឡើយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២ រាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង និងអាគារខ្ពស់ៗចំនួន១.៦០៣អាគារ។ ក្នុងនោះ អគារកម្ពស់ចាប់ពី២០ជាន់ឡើងទៅមានចំនួន២២៥អាគារ។ គម្រោងទាំងនោះបានធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមិថុនានេះ ក្នុងពិធីបើកសម្ភោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ នៅលើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោក ឃួង ស្រេង មានប្រសាសន៍ថា បើទោះបីក្នុងឆ្នាំ២០២១កន្លងទៅ ទោះមានផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ក្តី រាជធានីភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន។

លោកបានបន្តថា ក្នុងឆ្នាំកន្លងមក រាជធានីភ្នំពេញមានគម្រោងវិនិយោគរហូតដល់ទៅចំនួន១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង២,២៦ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។

លោកអភិបាលបានលើកឡើងថា គម្រោងធំៗទាំងនោះបានធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

លោក ខ្លីហ្វ កុហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា កម្ពុជាកំពុងបើកដំណើការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យតាមគន្លងប្រក្រតីថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here